ដោយ ថុល ស្រីលក្ខណ៍ និងដួង សុខា ថ្ងៃព្រហស្បតិ៍ ទី27 មិថុនា ឆ្នាំ2013 ម៉ោង18:07 VODកំណត់ត្រាសេចក្តីសម្រេចរបស់ព្រឹទ្ធសភាទាំងពីររូប ស្នើឲ្យទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិក(USAID) គួរតែឈប់ផ្តល់ជំនួយដល់ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា និងបញ្ឈប់ដាក់អ្នកសង្កេតការណ៍នៅថ្ងៃបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដាខាងមុខ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ
នៅថ្ងៃព្រហស្បតិ៍នេះ រិះគន់ព្រឹទ្ធសភាអាមេរិកពីររូប គឺលោក Graham
និងលោក Rubio
ដែលបានស្នើឲ្យភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិក(USAID)
ពិចារណាបញ្ឈប់ផ្តល់ជំនួយ
និងអ្នកអង្កេតការណ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា។
ការរិះគន់នេះធ្វើឡើងបន្ទាប់ពី ព្រឹទ្ធសភាអាមេរិកទាំងពីររូប
បានផ្ញើសេចក្តីសម្រេចមួយក្នុងកំណត់ត្រាសភារបស់អាមេរិក
ដោយអំពាវនាវឲ្យមានការរឹតបន្តឹង និងការកាត់បន្ថយជំនួយមកកម្ពុជា
ដោយសារស្ថានភាពមិនល្អជាច្រើន ដែលកំពុងកើតឡើងនៅកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ
ប្រាប់VODនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា
កម្ពុជាមិនខ្វល់ពីការលើកឡើងនេះទេ ព្រោះនេះជាការលើកឡើងដោយបុគ្គល
ហើយកម្ពុជា និងអាមេរិកនៅតែមានទំនាក់ទំនងល្អ។ លោកថា
ការបោះឆ្នោតនៅកម្ពុជា គឺដើម្បីពលរដ្ឋកម្ពុជា
មិនមែនដើម្បីឲ្យអាមេរិកសប្បាយចិត្តនោះទេ ៖ "អញ្ចឹងអាមេរិក
គាត់ថា គាត់ប្រជាធិបតេយ្យ ប៉ុន្ដែចាំទេប្រជាជនប៉ាឡេស្ទីន
បោះឆ្នោត បើបោះឲ្យលោក យ៉ាសាអារ៉ាហ្វាត គាត់មិនឲ្យជំនួយទេ
មិនដឹងជាអញ្ចឹង ប្រជាធិបតេយ្យរបស់គាត់ មានមួយម៉ាគីឡូ
មួយម៉ាខាំ ចំពោះយើងអត់សំខាន់ទេ អាមេរិកឲ្យឫមិនឲ្យអត់សំខាន់ទេ
សំខាន់គឺយើងទាំងអស់គ្នាជាប្រទេសទាំងអស់
គេមើលឃើញតើយើងបោះឆ្នោតដោយប្រជាធិបតេយ្យអត់
យើងបោះឆ្នោតឲ្យអាមេរិកសប្បាយនោះគឺមិនជារឿង
កម្ពុជាមិនមែនជារណបរបស់អាមេរិកទេណាស់" ។
មន្ត្រីសម្របសម្រួលបណ្តាញរួបរួមគណនេយ្យភាពសង្គមប្រចាំអាស៊ី
បូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា ការស្នើបែបនេះ
វាជាការសោកស្តាយសម្រាប់កម្ពុជា ដោយសារកម្ពុជា
ត្រូវការលទ្ធិប្រជាធិបតេយ្យ និងកំពុងដំណើរការនីតិរដ្ឋ។ លោកថា
វាមិនទាន់ដល់ពេលដែលមន្ត្រីរដ្ឋាភិបាលកម្ពុជាលើកឡើងថា
ជំនួយអាមេរិកមិនសំខាន់ ៖
"យើងចង់ឃើញការសម្ព័ន្ធមិត្ដជាមួយប្រទេសមហាអំណាច
ដែលគេអះអាងថាជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ
ហើយគេក៏ចង់ឲ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យដូចគេដែរ
ចឹងមានតែលទ្ធិប្រជាធិបតេយ្យទេ ដែលនាំប្រទេសជាតិ
នាំសេដ្ឋកិច្ចជាតិទៅរកការរីកចំរើន" ។
កំណត់ត្រាសេចក្តីសម្រេចរបស់ព្រឹទ្ធសភាទាំងពីររូប
ស្នើឲ្យទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិក(USAID)
គួរតែឈប់ផ្តល់ជំនួយដល់ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា
និងបញ្ឈប់ដាក់អ្នកសង្កេតការណ៍នៅថ្ងៃបោះឆ្នោត ថ្ងៃទី២៨
ខែកក្កដាខាងមុខ។
កំណត់ត្រានោះ បានលើកឡើងពីភាពមិនល្អជាច្រើន ដែលបានកើតឡើង
និងកំពុងកើតឡើងនៅកម្ពុជា
ដែលផ្ទុយពីគោលការណ៍នៃការផ្តល់ជំនួយរបស់ USAID
និងការវិនិយោគរបស់អាមេរិក ដោយក្នុងកំណត់ត្រានេះ
បានលើកឡើងពីរបាយការណ៍ចំនួន៦ ដូចជា របាយការណ៍របស់ USAID
ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១១
របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ ឲ្យដឹងថា
កម្ពុជាក៏ស្ថិតក្នុងលំដាប់ថ្នាក់ ១៥៧ លើ១៧៤នៃអំពើពុករលួយ
ដែលទាបជាងប្រទេសយេម៉េន
និងរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចេញរបាយការណ៍
នៅថ្ងៃទី៣១ ខែឧសភាថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានកាន់អំណាចជាង១០០០០ថ្ងៃ(៣៤ឆ្នាំ) តាមរយៈហិង្សាផ្នែកនយោបាយ
និងការគ្រប់គ្រងអំណាចយោធា ការប្រើប្រាស់អំពើពុករលួយជាដើម៕
0 comments:
Post a Comment