ដោយ ស៊ុន ណារិន
ថ្ងៃពុធ ទី10 កក្កដា ឆ្នាំ2013 ម៉ោង08:16 VOD
តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងឃ្លាំមើលការបោះឆ្នោតបួនរូប
កាលពីថ្ងៃអង្គារ បានឡើងបកស្រាយ
នៅមុខគណៈកម្មាធិការសភាកិច្ចការបរទេសអាមេរិក
ដោយលើកយកបញ្ហាសង្គម និងនយោបាយ កំពុងកើតឡើងនៅកម្ពុជា
និងជំរុញឲ្យអាមេរិក ចាត់វិធានការតឹងរ៉ឹងលើកម្ពុជា។
ការឡើងបកស្រាយនេះ
ធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភាអាមេរិកចំនួនពីររូប គឺលោក Lindsey
Graham និងលោក Marco Rubio កាលពីខែមិថុនា
បានផ្ញើជាសេចក្តីសម្រេចមួយក្នុងកំណត់ត្រាសភារបស់អាមេរិក
ដោយអំពាវនាវឲ្យមានការរឹតបន្តឹង និងការកាត់បន្ថយជំនួយមកកម្ពុជា
ដោយសារស្ថានភាពមិនល្អជាច្រើន ដែលកំពុងកើតឡើងនៅកម្ពុជា។
ការកាត់បន្ថយជំនួយមកកម្ពុជា អាចនឹងត្រូវធ្វើឡើង
ប្រសិនបើការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយមិនសេរី
និងយុត្តិធម៌។
អង្គការទាំងបួននោះ មានដូចជា
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)
អង្គការលីកាដូ អង្គការNDI និងអង្គការSRP International Group។
ប្រធានផ្នែកតស៊ូមតិប្រចាំអាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធមនុស្ស
អន្តរជាតិ លោក John Sifton ដែលបានចូលបកស្រាយនៅមុខសភាអាមេរិក
ប្រាប់VODតាមរយៈអ៊ីម៉េលនៅថ្ងៃពុធនេះថា
អង្គការទាំងអស់បានលើកឡើងពីបញ្ហាបោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា
ដោយបង្ហាញថា ការបោះឆ្នោតកន្លងទៅមានបញ្ហាធំមួយចំនួន ដូចជា
ការយាយីគណបក្សប្រឆាំង ការទិញសន្លឹកឆ្នោត ភាពមិនប្រក្រតីបញ្ជីបោះឆ្នោត
និងការលួចបន្លំសន្លឹកឆ្នោតជាដើម។ ជាមួយគ្នានេះដែរ
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសថា លោកនឹងចូលមកកម្ពុជា
បើទោះជា លោកត្រូវចាប់ដាក់ពន្ធនាគារក៏ដោយ។
លោក John Sifton បន្តថា
សំណួរដែលត្រូវរង់ចាំការឆ្លើយតបពីសហរដ្ឋអាមេរិក
គឺថាតើសហរដ្ឋអាមេរិក នឹងធ្វើអ្វីទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជា
លោក ហ៊ុន សែន និងថាតើអាមេរិកនឹងព្រមាន លោក ហ៊ុន សែន មិនឲ្យចាប់
លោក សម រង្ស៊ី និងធានាសន្តិសុខសម្រាប់គាត់
និងអ្នកគាំទ្រគាត់ដែរឬទេ? មួយវិញទៀត
តើសហរដ្ឋអាមេរិកនឹងឆ្លើយតបយ៉ាងដូចម្តេច ប្រសិនការបោះឆ្នោត
មានការលួចបន្លំ និងមិនបានបំពេញស្តង់ដារអន្តរជាតិ?
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ
ក៏បានស្នើឲ្យមាននយោបាយតឹងរ៉ឹងមួយរបស់អាមេរិក ទៅលើកម្ពុជា
និងសូមឲ្យក្រសួងការបរទេសអាមេរិក
ពិចារណាការស្នើសុំឲ្យការកាត់បន្ថយជំនួយយោធា និងជំនួយផ្សេងៗទៀត
ពីមូលនិធិរូបិយបណ្ណអន្តរជាតិ និងធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម។
មន្ត្រីអង្គការ HRW បានលើកឡើងពីបញ្ហាជាច្រើននៃការបោះឆ្នោត និងការគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក John Sifton បញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោត នៅថ្ងៃទី២៨
ខែកក្កដា រដ្ឋាភិបាលលោក អូបាម៉ា
អាចចាប់ផ្តើមផ្លាស់ប្តូរដោយនិយាយខ្លាំងៗពីឱនភាពនៃលទ្ធិប្រ
ជាធិបតេយ្យនៅកម្ពុជា និងជំរុញឲ្យមេដឹកនាំពិភពលោក
ដាក់គំនាបមកកម្ពុជា។
សម្រាប់អ្នកប្រឹក្សាផ្នែកច្បាប់ នៃអង្គការលីកាដូ លោកស្រី Evi
Schueller បានប្រាប់សភាអាមេរិក
ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដោយសារបញ្ហារំលោភដីធ្លី
ការបាញ់សម្លាប់សកម្មជន និងបញ្ហាអយុត្តិធម៌ផ្សេងៗទៀត
ទៅលើសកម្មជនដីធ្លី។
លោកស្រី
ក៏បានស្នើឲ្យមានការពិនិត្យការផ្តល់ជំនួយយោធាមកកម្ពុជា
ដោយសារស្ថានភាពមិនល្អនៃបញ្ហាសិទ្ធិមនុស្ស
ដែលបានកើតឡើងមកកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ
ធ្លាប់ប្រាប់VODថា កម្ពុជាមិនខ្វល់ពីការលើកឡើងនេះទេ
ព្រោះនេះជាការលើកឡើងដោយបុគ្គល ហើយកម្ពុជា
និងអាមេរិកនៅតែមានទំនាក់ទំនងល្អ។ លោកថា ការបោះឆ្នោតនៅកម្ពុជា
គឺដើម្បីពលរដ្ឋកម្ពុជា មិនមែនដើម្បីឲ្យអាមេរិកសប្បាយចិត្តនោះទេ ៖ "
អញ្ចឹងអាមេរិក គាត់ថា គាត់ប្រជាធិបតេយ្យ
ប៉ុន្ដែចាំទេប្រជាជនប៉ាឡេស្ទីន បោះឆ្នោត បើបោះឲ្យលោក
យ៉ាសាអារ៉ាហ្វាត គាត់មិនឲ្យជំនួយទេ មិនដឹងជាអញ្ចឹង
ប្រជាធិបតេយ្យរបស់គាត់ មានមួយម៉ាគីឡូ មួយម៉ាខាំ
ចំពោះយើងអត់សំខាន់ទេ អាមេរិកឲ្យឫមិនឲ្យអត់សំខាន់ទេ
សំខាន់គឺយើងទាំងអស់គ្នាជាប្រទេសទាំងអស់
គេមើលឃើញតើយើងបោះឆ្នោតដោយប្រជាធិបតេយ្យអត់
យើងបោះឆ្នោតឲ្យអាមេរិកសប្បាយនោះគឺមិនជារឿង
កម្ពុជាមិនមែនជារណបរបស់អាមេរិកទេណាស់" ។
កំណត់ត្រានោះ បានលើកឡើងពីភាពមិនល្អជាច្រើនដែលបានកើតឡើង
និងកំពុងកើតឡើងនៅកម្ពុជា ដែលផ្ទុយពីគោលការណ៍នៃការផ្តល់ជំនួយរបស់
USAID និងការវិនិយោគរបស់អាមេរិក ក្នុងនោះមានដូចជា៖
១. របាយការណ៍របស់ USAID ឲ្យដឹងថា ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១១
សហរដ្ឋអាមេរិក បានផ្តល់ជំនួយដល់កម្ពុជា ប្រមាណជា
១២៤៧លានដុល្លារអាមេរិក ទៅលើផ្នែកសេដ្ឋកិច្ច និងជំនួយយោធា
តែផ្ទុយទៅវិញ កម្ពុជាត្រូវបានចាត់ថ្នាក់លេខ១៣៨ ក្នុងចំណោម១៨៧
នៅក្នុងរបាយការណ៍អភិវឌ្ឍមនុស្សឆ្នាំ២០១៣ របស់អង្គការUNDP
ដែលមានលក្ខណៈដូចនឹងប្រទេសឡាវ។
២. របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ ឲ្យដឹងថា
កម្ពុជាក៏ស្ថិតក្នុងលំដាប់ថ្នាក់ ១៥៧ លើ១៧៤ នៃអំពើពុករលួយ
ដែលទាបជាងប្រទេសយេម៉េន។
៣. របាយការណ៍ Freedom House សម្រាប់ឆ្នាំ២០១៣ លើសេរីភាព ឲ្យដឹងថា
កម្ពុជាមិនស្ថិតក្នុង «ភាពសេរី» ហើយការបោះឆ្នោត
គឺមិនមែនបែបប្រជាធិបតេយ្យ
ដោយសារត្រូវបានធ្វើឡើងក្នុងលក្ខខណ្ឌគាបសង្កត់។
៤. ចំណែករបាយការណ៍ប្រទេស
លើការអនុវត្តសិទ្ធិមនុស្សរបស់ក្រសួងការបរទេសអាមេរិក ក្នុងឆ្នាំ២០១១
ឲ្យដឹងថា បញ្ហាសិទ្ធិមនុស្ស ជាបញ្ហាចម្បងនៅកម្ពុជា
ដោយសារប្រព័ន្ធតុលាការទន់ខ្សោយ អំពើពុករលួយ
និងទទួលរងឥទ្ធិពលនយោបាយ។
៥. អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចេញរបាយការណ៍
នៅថ្ងៃទី៣១ ខែឧសភាថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានកាន់អំណាចជាង១០០០០ថ្ងៃ(៣៤ឆ្នាំ) តាមរយៈហិង្សាផ្នែកនយោបាយ
និងការគ្រប់គ្រងអំណាចយោធា ការប្រើប្រាស់អំពើពុករលួយ។
៦. អនុសាសន៍ស្តីពីការបោះឆ្នោត ក្នុងរបាយការណ៍របស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ មិនត្រូវបានអនុវត្ត។
កំណត់ត្រាបន្តថា ប្រសិនបើអនុសាសន៍របស់អង្គការសហប្រជាតិ
មិនត្រូវបានអនុវត្ត ហើយការបោះឆ្នោតមិនមានការទុកចិត្ត
និងការប្រកួតប្រជែង ដូច្នេះការបោះឆ្នោតគួរតែត្រូវបានចាត់ទុកថា
ជាការបញ្ចេញមតិរបស់ប្រជាជន មិនស្របច្បាប់
និងជាឧបសគ្គសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងសេចក្តីសម្រេចរបស់ព្រឹទ្ធសភាអាមេរិក
ក៏បានស្នើឲ្យធនាគារអភិវឌ្ឍន៍អាស៊ី កាត់បន្ថយជំនួយមកកម្ពុជាដែរ។
ភាគច្រើននៃជំនួយរបស់អាមេរិក
គឺដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ឬការគាំទ្រសង្គមស៊ីវិល។
គួរបញ្ជាក់ថា ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រីកម្ពុជា
និងប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១២ លោក បារ៉ាក់
អូបាម៉ា ក៏បានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
ដើម្បីមើល និងស្តាប់កិច្ចប្រជុំទាំងមូល សូមចូលទៅកាន់ Link នេះ៖ http://www.youtube.com/watch?feature=player_embedded&v=E0mM-BQI-J0
0 comments:
Post a Comment