ក្នុងមួយជីវិតហោចណាស់ក៏ចង់ទៅដល់ផ្ទាល់ និង ឃើញប្រាសាទអង្គវត្ត ព្រមទាំងភ្នំគូលែនដែលល្បីថាមានបារមីខ្លាំងពូកែ ពិសេសព្រះអង្គធំនៅលើខ្នងភ្នំគូលែនដែរ ។ ជាសម្តីរៀបរាប់របសស្ត្រីចំណាស់មួយរូបឈ្មោះ ធី ដែលកំពុងតែធ្វើការសំពះបន់ស្រន់ព្រះអង្គធំភ្នំគូលែន និង យកដៃទៅស្ទាបអង្អែលរូបចម្លាក់ព្រះអង្គធំក្នុងអាការគោរព និង កោតសរសើរស្ញប់ស្ញែង និង ពោះពេញដោយជំនឿ ។
ភ្នំគូលែនដែលគេល្បី
គាត់រស់នៅឯខេត្តកណ្តាល គាត់រួមជាមួយញាតិមិត្តនាំគ្នាធ្វើដំណើរទៅកាន់ខេត្តសៀមរាប ឡើងទៅលើកំពូលភ្នំ គូលែនដែលល្បីពូកែសក្តិសិទ្ធិ ។ ភ្នំគូលែនមិនមែនទើបតែល្បីនោះទេ គឺត្រូវបានប្រជាពលរដ្ឋខ្មែរទូទៅធ្លាប់ដឹងធ្លាប់ឮនូវ ការនិយាយតៗគ្នាពីមាត់ទៅមាត់មួយថា ជាទីស្ថានដ៏ស័ក្តិសិទ្ធិ និង កម្រមានអ្នកទៅដល់ណាស់ ទាល់តែអ្នកមាននិស្ស័យ ដែលមិនខុសអ្វីពីចាស់ៗតែងតំណាលថា “ប្រាសាទអង្គរវត្តអ្នកខ្លះប៉ងចង់ស្គាល់ ចង់ឃើញតាំងពីកើតរហូតដល់ស្លាប់ទៅវិញ ក៏នៅតែមិនបានទៅ ព្រោះតែគ្មាននិស្ស័យកុំថាឡើយអ្នកនៅឆ្ងាយៗ សូម្បីអ្នករស់នៅខេត្តសៀមរាបខ្លះមិនទាន់បានទៅឃើញផងដែរ” ។ ទម្រាំតែភ្នំគូលែនដែលនៅឆ្ងាយ ហួសពីប្រាសាទអង្គរវត្តទៅទៀតតើមានមនុស្សច្រើនប៉ុនណាដែលបានទៅដល់ ឃើញដោយផ្ទាល់នូវទិដ្ឋភាពទីនោះ ។
បើទោះជៅរហូតដល់សម័យសព្វថ្ងៃបារមីភ្នំគូលែននៅតែល្បីពូកែ ព្រោះឱ្យតែអ្នកចេះមន្តអាគមឩមអាមខ្លាំងពូកែ សុទ្ធតែឆ្លើយថា បានទៅរៀនសិល្ប៍មន្តអាគម ឬ ក៏ចេះតែអ្នកសច្ចំ ឬ បង់បត់ ឬ បារមីនៃភ្នំគូលែន ។
មិនដូចរយៈកាលកាលសម័យមុនៗឡើយដែលបើគេចង់ធ្វើដំណើរទៅកាន់ភ្នំគូលែនត្រូវចំណាយ ពេលច្រើនថ្ងៃដើរ កាត់ព្រៃភ្នំ តែបច្ចុប្បន្នដោយសារមានមធ្យោបាយធ្វើដំណើរទំនើបដូចជារថយន្ត, ម៉ូតូ...ព្រមទាំងមាន ការធ្វើផ្លូវឡើងភ្នំផងនោះ កាន់តែសម្រួលដល់ការធ្វើដំណើរសម្រាប់អ្នកផងទាំងពួងដែលចង់ទៅ ដោយគេគ្រាន់តែចំណាយពេលតែប៉ុន្មានម៉ោង ប៉ុណ្ណោះ ។
ភ្នំគូលែនមិនគ្រាន់តែជាទីសក្ការៈដ៏ស័ក្តិសិទ្ធទេ ពេលនេះក៏បានក្លាយជាទីរមណីយដ្ឋានមួយគួរឱ្យចាប់អារម្មណ៍ទៀតផង ដែលស្ទើរតែរាល់ថ្ងៃមានភ្ញៀវទៅកាន់ទីនោះជាហូរហែគឺមានទាំងភ្ញៀវក្នុងប្រទេស និង ភ្ញៀវអន្តរជាតិបើចំថ្ងៃ ឈប់សម្រាក ពិសេសថ្ងៃបុណ្យទានដែលមន្ត្រីរាជការនិយោជិត និយោជកមានឱកាសឈប់សម្រាកលំហែកាយ គេក៏បានឆ្លៀតទៅកាន់ភ្នំគូលែន ជាហេតុធ្វើឱ្យបរិយាកាសនៅលើកំពូលភ្នំគូលែនកណ្តាលទ្រូងព្រៃដ៏សែនស្ងាត់ ក្លាយជា អ៊ូអរខ្ញៀវខ្ញារសប្បាយរីករាយ សំឡេងមនុស្សលាន់រំពងព្រៃ ។
ភ្នំគូលែនស្ថិតនៅប៉ែកខាងជើងឆៀងខាងកើតនៃទីរួមខេត្តសៀមរាប មានចម្ងាយ ៥៣ គីឡូម៉ែត្រពីទីរួមខេត្ត ។ ភ្នំនេះមានរយៈកម្ពស់ ៤៩២ ម៉ែត្រ ហើយគេអាចឡើងទៅដល់លើភ្នំបានយ៉ាងងាយតាមរថយន្ត ឬ ម៉ូតូ ឬ ថ្មើជើង ប៉ុន្តែបច្ចុប្បន្នគេនិយមធ្វើដំណើរឡើងភ្នំដោយជិះរថយន្ត ឬ ម៉ូតូ ចំណេញពេលវេលា និង មិនសូវចំណាយកម្លាំងច្រើន ទៀតផង ។
មុនឡើងទៅកាន់ភ្នំគូលែន ភ្ញៀវត្រូវឆ្លងកាត់កន្លែងលក់សំបុត្រដែលស្ថិតនៅឯជើងភ្នំ ដោយក្នុងនោះរថយន្តមួយ គ្រឿងបង់ ១០.០០០ រៀល ព្រមទាំងចិត្តជិះម្នាក់បង់ ២.០០០ រៀល ប៉ុន្តែបើចំពោះភ្ញៀវបរទេសម្នាក់ត្រូវបង់ ២០ ដុល្លារ ។ ការធ្វើដំណើរឡើងភ្នំ និង ចុះភ្នំមានពេលវេលាកំណត់ជាក់លាក់ចៀសវាងនាំឱ្យមានគ្រោះថ្នាក់ ដោយក្នុងនោះចាប់ពី ព្រឹកព្រលឹមរហូតដល់ម៉ោង ១២ ថ្ងៃត្រង់ គឺតម្រូវឱ្យមានតែរថយន្តធ្វើដំណើរឡើងទៅលើកំពូលភ្នំ និង ចាប់ពីម៉ោង ១៣ ទៅ គឺមានតែរថយន្តធ្វើដំណើរចុះពីលើភ្នំគូលែនមកវិញប៉ុណ្ណោះ មិនអនុញ្ញាតឱ្យមានរថយន្តបើកឡើងទៀតឡើយ ។
តាមផ្លូវឡើងលើភ្នំគូលែនអមទៅដោយព្រៃដ៏ក្រាស់ និង យូរៗម្តងគេឃើញមានការដាក់តាំងលក់ផ្លែឈើ និង យូរៗ ម្តងគេឃើញមានដាក់តាំងលក់ផ្លែឈើដែលគេបានបេះពីក្នុង ព្រៃនៃភ្នំគូលែនមានដូចជាផ្លែគុយ, សិរមាន់, គូលែន, គ្រៀល, ភ្ញៀវ...ជាដើម សម្រាប់ទុកលក់ឱ្យភ្ញៀវដែលចង់ភ្លក្សរសជាតិ ។ ទៅដល់លើភ្នំរថយន្តត្រូវបានចតនៅតាមជាយព្រៃ ។ ភ្ញៀវចុះពីរថយន្តអាចទៅងូតទឹកជ្រោះដែលមានភាពត្រជាក់ថ្លាឈ្វេង មើលឃើញដល់បាតបានយ៉ាងសប្បាយរីករាយ ។ ប៉ុន្តែបើចំពោះមនុស្សវ័យចំណាស់មិនបានផ្តោតអារម្មណ៍ខ្លាំងទៅលើការ ងូតទឹកជ្រោះភ្នំគូលែនភ្នំគូលែនប៉ុន្មានទេ ក្នុងនោះបំណងសំខាន់គឺពួកគាត់ចង់ទៅមើល ព្រះអង្គធំនៅវត្តភ្នំគូលែនកសាងតាំងពីសម័យបុរាណនៅលើថ្មដាដ៏ធំនាខ្នងភ្នំគូលែន ដែលល្បីថាមានបារមីខ្លាំងពូកែឯណោះទៅវិញ ។
ព្រះអង្គធំលើភ្នំគូលែន
ទីកន្លែងព្រះអង្គធំលើកំពូលភ្នំគូលែនស្ថិតនៅក្នុងវត្តភ្នំគូលែន ។ គេត្រូវធ្វើដំណើរឡើងតាមជណ្តើរជាច្រើនកាំដែល នៅអមជណ្តើរឡើងមានចម្លាក់ផ្សេងៗ និង មានក្លោងទ្វារគួរឱ្យចាប់អារម្មណ៍ ។ ទៅដល់បរិវេណវត្តភ្នំគូលែន គេឮសូរ សំឡេងភ្លេងពិណពាទ្យលាន់រងំ និង មានមនុស្សជាច្រើនដើរចុះឡើងទៅកាន់កន្លែងគោរពសក្ការៈដែលមានច្រើនកន្លែងប្លែកៗ ។ នៅអែបជណ្តើរឡើងទៅកាន់ព្រះអង្គធំមានប្រាសាទមួយស្ថិតខាងឆ្វេងដៃគេហៅថា “ប្រាសាទព្រះបាទជាន់ទុកភ្នំ គូលែន” ដោយនៅក្នុងប្រាសាទនោះ មនុស្សក្មេង ចាស់ ប្រុស ស្រីជាច្រើននាំគ្នាពិនិត្យស្នាមដានជើងព្រះពុទ្ធដ៏ធំដែលត្រូវ បានសង់កញ្ចក់គ្របពីលើ ។ គេនាំគ្នាដាក់ប្រាក់ក្នុងហឹបពុទ្ធបូជាផ្សងប្រាថ្នាសុំសេចក្តីសុខគ្រប់ៗគ្នា ។ បន្តដំណើរហួសទៅមុខ បន្តិចមានការរៀប ចំជាបាយសីច្រើនថ្នាក់សម្រាប់ទុកឱ្យភ្ញៀវអុជធូបគោរពសក្ការៈ និង ក្បែរនោះដែរគេឃើញមនុស្សជា ច្រើនបានប្រជ្រៀតគ្នាដងទឹក ខ្លះយកមកលុបលាងមុខ ខ្លះស្រោចទឹកលើក្បាល ខ្លះផឹក ខ្លះច្រកដបទុក យកទៅផ្ទះចែក ញ្ញាតិមិត្ត នោះគឺជាទឹកដែលគេជំនឿថា មានបារមីពូកែជាទឹកអម្រឹតអាចកម្ចាត់រាល់ជំងឺ ឬ ចង្រៃឧបទ្រពផងទាំងពួងពី ក្នុងខ្លួនពួកគេ ព្រោះជាទឹកដែលគេបានដងយកទៅស្រោចលើចម្លាក់លិង្គ និង យោនីបុរាណធ្វើពីថ្មដ៏ខ្មៅរលោងស្រិល ។ អ្នកខ្លះមិនអស់ចិត្តយកដៃទៅស្ទាបអង្អែល រួចពោលថា “ត្រជាក់ដូចទឹកអម្រឹត” ។
ស្ត្រីចំណាស់ម្នាក់ដែលធ្វើដំណើរពីភ្នំពេញកំពុងអង្អែលព្រះបាទព្រះពុទ្ធអង្គដ៏ធំបាននិយាយរៀបរាប់ថា ទាល់តែអ្នក មាននិស្ស័យជាមួយព្រះអង្គទើបបានមកដល់ឃើញផ្ទាល់ភ្នែកបែបនេះ ។ ពីមុនមកគាត់មិនដែលនឹកគិតថា បានទៅដល់ ភ្នំគូលែននឹងគេទេ ប៉ុន្តែជាភ័ព្វសំណាង ឬ ក៏ដោយព្រះអង្គធំភ្នំគូលែនជួយបាន ក្មួយគាត់បបួលមកលេងភ្នំគូលែនជាមួយ នឹងគេ ។ ពេលនេះគាត់ជឿថា បុព្វបុរសខ្មែរពិតជាខ្លាំងពូកែដែលបានឆ្លាក់រូបព្រះដ៏ធំទុកលើផ្ទាំងថ្មដា ពុំដឹងតាំងពីសម័យណាមក ។
អ្នកដែលឡើងទៅដល់កន្លែងព្រះអង្គធំភ្នំគូលែនសុទ្ធតែដោះស្បែកជើង ព្រមទាំងមានការគោរពទាំងផ្លូវកាយផ្លូវចិត្ត គេបាននាំគ្នាបែរបន់ទៅតាមបំណងរបស់គេរៀងៗខ្លួនដោយក្នុងនោះមិនភ្លេចនូវពាក្យថា “ព្រះអង្គធំភ្នំគូលែនដែលព្រះអង្គ ធ្លាប់តែមានបារមីល្បីខ្លាំងពូកែ...” ឱ្យជួដួល់គេលើបញ្ហាផ្សេងៗ សំខាន់គឺក្តីសុខសប្បាយតរៀងទៅ ។ អ្នកខ្លះមិនអស់ចិត្តបាន យកដៃទៅស្ទាបព្រះបាទនៃរូបចម្លាក់ដ៏ធំ រួចហើយក៏យកដៃនោះមកដាក់លើក្បាលក្នុងជំនឿថា ឱ្យព្រះអង្គតាមជួយថែរក្សាគេ ព្រោះតែហេតុនេះទើបនៅកន្លែងណាដែលមានមនុស្សអង្អែលកាន់ច្រើនគឺថ្មត្រង់កន្លែង នោះមានភាពរលោង និង មានពណ៌ភ្លឺផ្លេកបីដូចពណ៌មាសអណ្តែតឡើង ដែលប្រការនេះធ្វើឱ្យគេរឹតតែមានក្តីជំនឿ ។
ភាគច្រើននៃអ្នកបានទៅដល់ព្រះអង្គធំគូលែនបង្ហាញពីការមិនអស់ចិត្ត ព្រោះតែគេចំណាយពេលមួយថ្ងៃនៅលើ ភ្នំគូលែនមានពេលវេលាតិចពេកសម្រាប់ដើរមើលទីកន្លែង គោរពសក្ការៈប្លែកៗដែលមានច្រើនលើភ្នំគូលែន ហេតុនេះទើបគេមានគំនិតថា បើមានឱកាសក្រោយគេនឹងទៅកាន់ទីនោះទៀត ?
មានអ្វីខ្លះនៅភ្នំគូលែន ?
យើងសូមបង្ហាញទីកន្លែងមួយចំនួននៅលើភ្នំគូលែនដែលភ្ញៀវនិយមទៅលេង និង ទស្សនា ព្រមទាំងចាត់ទុកថា ប្លែកៗគួរឱ្យកត់សម្គាល់ ក្នុងនោះក្រៅពីងូតទឹកជ្រោះ និង ទឹកធ្លាក់ ហើយទៅគោរពសក្ការៈព្រះអង្គធំគឺនៅមានកន្លែងច្រើនទៀត ដូចជាវាលស្តេចគម្លង់, វាលព្រះសព, ព្រះក្រាល, សំពៅធាយ និង ទីកន្លែងគោរពសក្ការៈមួយចំនួនគឺប្រាសាទ តូចៗធ្វើពីឥដ្ឋដែលជាកេរតំណែលស្នាព្រះហស្តព្រះបាយជយវរ្ម័នទី ២ បានកសាងឡើង, ពយសំពៅ, ពយឥសី, ពយនាង, ពៅសក់ក្រអូប, កន្លែងពស់ខៀវ, ពស់ស, អណ្តូងទឹកមួយពាន់ឆ្នាំស័ក្តិសិទ្ធិ និង យ័ន្ត្រ ៨ ទិស...៘ ដូច្នេះការចំណាយ ពេលមួយថ្ងៃនៅលើកំពូលភ្នំគូលែនមិនអាច មានពេលវេលាគ្រប់គ្រាន់សម្រាប់ការដើរឱ្យសព្វកន្លែងទាំងនោះឡើយ ។
តាំងពីសតវត្សរ៍ទី ៨ ម៉្លេះ ដែលព្រះបាទជយវរ្ម័នទី ២ ទ្រង់បានទៅគង់នៅលើភ្នំគូលែន និង រៀបចំធ្វើជារាជធានីបានមួយរយៈប៉ុណ្ណោះ បន្ទាប់ពីនោះមកមិនមានស្តេចអង្គណាមួយផ្លាស់រាជធានីមកលើភ្នំគូលែនទៀតឡើយ ព្រោះបរិវេណនៃភ្នំមានសភាពខ្ពស់ចោតស្ថានភាព ភូមិសាស្ត្រមិនអំណោយផលក្នុងការធ្វើរាជធានីប៉ុន្មានឡើយ ។ ក្រោយមក ៣០០ ឆ្នាំទៀតទើបមានការកសាងអង្គរវត្តឡើង ។ ស្លាកស្នាមរបស់ប្រាសាទលើកំពូលភ្នំគូលែនគេឃើញមានបន្សល់ ទុកមកដូចជា ប្រាសាទតូចៗមួយចំនួនដែលមានសភាពទ្រុឌទ្រោមជាខ្លាំង គឺមានតែលិង្គព្រះ ឥសូរដែលគេឆ្លាក់នៅក្រោមទឹករាប់ពាន់លិង្គតែប៉ុណ្ណោះដែលនៅមានសភាពល្អនៅឡើយ ៕
0 comments:
Post a Comment