Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, July 5, 2012

Striking workers' procession stopped in Kambol; Rong Chhun to meet with the minister of Labor this afternoon



ប៉ូលិសរារាំងកម្មករហែក្បួន នៅកន្លែងថ្លឹងឡានកំបូល, លោករ៉ុងឈុន នឹងជួបចរចាជាមួយរដ្ឋមន្ត្រីការងារ នៅរសៀលនេះ

ថ្ងៃទី 5 កក្កដា 2012
ដោយ: រតនា
Cambodia Express News

ភ្នំពេញ: ​ក្រុមកម្មករ កម្ម​ការី ប្រមាណ ៤​ពាន់​នាក់ ដែល​ដឹកនាំ​ដោយ​លោក​រ៉ុង ​ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច ​រាំងខ្ទប់ មិន​ឲ្យ​បន្ត​ការដើរ​ហែ​ក្បួន ចូល​រាជធានី​ភ្នំពេញឡើយ នាព្រឹក ថ្ងៃទី៥កក្កដា ឆ្នាំ២០១២។ ក្រុមកម្មករ បានឈរនៅលើផ្លូវជាតិលេខ៤ ត្រឹម​កន្លែង​​ថ្លឹង​ឡាន នៅ​កំបូល​។​

​ប៉ូលិស​បាន​រារាំង​ក្រុមកម្មករនៅ​កន្លែង​ជញ្ជីង​ថ្លឹង​ឡានកំបូល ព្រមទាំង​មានការ​ចរចា​រវាង​លោក រ៉ុង ឈុន និង​លោក សាទ សាមុធ អនុ​រដ្ឋលេខា​ធិការក្រសួង​ការងារ កាលពី​ម៉ោង ៩ និង ៣០ ​នាទី​ព្រឹក ថ្ងៃទី​៥​កក្កដា ឆ្នាំ​២០១២​។ ក្រុមកម្មករ​មាន​លើក​បដា និង​ស្រែក​ហ៊ោកញ្ជ្រៀវ​។​

​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា លោក សាទ សាមុធ បានចរចា និង​អញ្ជើញ​លោក រ៉ុង ឈុន និង​កញ្ញា យ៉ាង សុ​ភ័​ណ្ឌ ទៅ​ជួបប្រជុំ​ជាមួយ​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ វង សូត នៅ​ទីស្ដីការក្រសួង នៅវេលា​ម៉ោង ២ និង ៣០​ នាទី រ​សៀល​ថ្ងៃនេះ​។


លោក រ៉ុង ឈុន បន្ទាប់ពីប្រជុំពិភាក្សា​ជាមួយ​ក្រុមការងារ​រប​ស់លោក នៅនឹងកន្លែង​ជញ្ជីង​ថ្លឹង​ឡាន​ លោកបានព្រមតាម​សំណើ​ ពី​មន្ត្រី​ក្រសួង​ការងារ​ តែទុកកម្មករនៅ​កន្លែង​ថ្លឹងឡាន ដើម្បីរង់ចាំលទ្ធផលចរចា នារសៀលនេះ ទើបរំសាយ។

នៅព្រឹកព្រលឹមថ្ងៃទី៥កក្កដា ឆ្នាំ២០១២នេះ ក្រុមកម្មករដឹកនាំដោយលោក រ៉ុងឈុន បានដើរហែក្បួន ចេញពីមុខរោងចក្រ នៅជិតផ្សារបែកចាន ដើរសំដៅចូលរាជ​ធានី​ភ្នំពេញ។ តែនៅព្រឹកមិញ ប៉ូលិសបានព្យាយាមរាំងខ្ទប់ក្រុមកម្មករម្តងហើយ តែមិន​បាន​សម្រេច។ មិនមានអំពើហិង្សាធ្ងន់ធ្ងន់កើតឡើង ក្នុងព្រឹត្តិការណ៍ហែក្បួន​បាតុកម្ម​នោះ​ទេ។

​សូមជម្រាបថា កាលពី​ថ្ងៃ​ពុធ ទី​៤ កក្កដា ឆ្នាំ​២០១២ ក្រុមកម្មករ បាន​តវ៉ា​ឈរ​បិទ​ផ្លូវជាតិ​លេខ​៤ អស់​ពេល​ជាង ៥​ម៉ោង ចាប់ពី​ម៉ោងជាង ៨ ព្រឹក​។ ការតវ៉ា​បិទ​កំណាត់​ផ្លូវ​ពី​ភ្នំពេញទៅ​ខេត្ត​ព្រះសីហនុ នៅ​ម្តុំ​ផ្សារ​បែក​ចាន ក្នុងស្រុក​អង្គស្នួល ដើម្បី​ទាមទារ​ឲ្យ​រោងចក្រ​កាត់ដេរ យីហោ តៃ​យៀន ផ្តល់​ដំណោះស្រាយ​លើ​ការតវ៉ា​របស់​កម្មករ ៥ ចំណុច រួមមាន ការដំឡើង​ប្រាក់​ធ្វើដំណើរ ប្រាក់​ស្នាក់នៅ និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ រហូតដល់ ១៥ ដុល្លារ ជាដើម​។​

​រហូតដល់​ម៉ោង ១ និង ៣០ នាទី រសៀល ទើប​កម្មករ​ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន បាន​រំសាយ​ចេញពី​ផ្លូវ ដោយ​មានការ​សន្យាថា នឹង​ចរចា​ស្វែងរក​ដំណោះស្រាយ​ពី​មន្ត្រី​ក្រសួង​ការងារ​។​

​បាតុកម្ម​របស់​កម្មក​រ​រោងចក្រ​កាត់ដេរ​នោះ ដឹកនាំ​ដោយ​លោក​រ៉ុង​ ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា និង​មានការ​ចូលរួម​ពី​សមាជិកសភា​របស់​គ​ណ​បក្ស​សមរង្ស៊ី​។​

​កម្មករ​រោងចក្រ​កាត់ដេរ តៃ​យៀន​ទី​១ តៃ​យៀន​ទី​២ និង​ខេ​ម​វែ​ល សុំ​ទាមទារ​សុំឱ្យ​មានការ​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ ៥ ចំណុច រួមមាន​៖ ១-​សុំឱ្យ​ក្រុមហ៊ុន​ធ្វើការ​ទូទាត់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​តាមច្បាប់​ ស្ដីពី​ការងារ ដោយ​ក្រុមហ៊ុន​បាន​ប្ដូរ​ឈ្មោះ​រោងចក្រ​។ ២-​សុំឱ្យ​ក្រុមហ៊ុន​ផ្ដល់​សោហ៊ុយ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់នៅ​ឱ្យបាន ១៥ ដុល្លារ ក្នុង​មួយខែៗ​។ ៣-​សុំឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ថ្លៃ​ទឹកដោះគោ​ឱ្យបាន ១៥ ដុល្លារ ក្នុង​មួយខែៗ​។ ៤-​សុំឱ្យ​ក្រុមហ៊ុន​ឡើង​ប្រាក់រង្វាន់​ទៀងទាត់ ឱ្យបាន ១៥ ដុល្លារ ក្នុង​មួយខែៗ និង​ទី​៥-​សុំឱ្យ​ក្រុមហ៊ុន​កុំ​យកប្រាក់​មុខតំណែង និង​បច្ចេកទេស​យកមក​កាត់​ទូទាត់ នៅពេល​កម្មករ​-​កម្មការិនី និង​ថ្នាក់ដឹកនាំ​សុំច្បាប់​ចាប់ពី​បី​ថ្ងៃ​ឡើងទៅ​។​

​លោក រ៉ុង ឈុន ក៏បាន​ឲ្យ​ដឹងថា ក្បួន​បាតុកម្ម​របស់​កម្មករ នៅ​ថ្ងៃ​៥​កក្កដា​នេះ នឹង​ដើរ​ហែ​ក្បួន​ចូល​ទីក្រុង​ភ្នំពេញ ទៅកាន់​ក្រសួង​ការងារ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ទៅកាន់​ស្ថានទូត​នានា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករ​កាត់ដេរ ដែល​បានធ្វើ​កូដកម្ម​យូរថ្ងៃ​មកហើយ​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan