ដោយ ហេង រស្មី VOA Khmer
ភ្នំពេញ៖ មេដឹកនាំ គណបក្សប្រឆាំងគឺលោក សម រង្ស៊ីនៅថ្ងៃច័ន្ទនេះបានប្រាថ្នាចង់ឃើញឱ្យមេដឹកនាំកម្ពុជាយក គំរូតាមប្រទេសភូមាដើម្បីឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យពេញលេញនិង រឹងមាំពិតប្រាកដនៅកម្ពុជា។ការទទូចរបស់មេដឹកនាំគណបក្សប្រឆាំងបាន កើតមានឡើងបន្ទាប់ពីជំនួបមួយជាមួយលោកស្រីអោង សានស៊ូជី មេដឹកនាំគណបក្សប្រឆាំងដ៏ល្បីក្នុងប្រទេសភូមា។
លោកសម រង្ស៊ីក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិបានទៅចូលរួមសមាជកាលពី ចុងសប្តាហ៍មុននេះរបស់គណបក្សសម្ព័ន្ធភាពជាតិប្រជាធិបតេយ្យភូមា ដែលដឹកនាំដោយលោកស្រីអោង សានស៊ូជី។មានប្រសាសន៍ប្រាប់VOAតាមទូរស័ព្ទពីទីក្រុងរ៉ង់ហ្គោន ប្រទេសភូមាលោកសម រង្ស៊ីបាននិយាយថាប្រទេសភូមាបានកែទម្រង់ពីមេដឹកនាំយោធាផ្តាច់ការ មករបបប្រជាធិបតេយ្យនិងបើកចំហរឱ្យមានការបោះឆ្នោតដើម្បីឱ្យលោក ស្រីអោង សានស៊ូជីមេដឹកនាំគណបក្សប្រឆាំងចូលរួមបោះឆ្នោត។
លោកបាននិយាយថាប្រទេសកម្ពុជាបច្ចុប្បន្នកំពុងដើរថយក្រោយទៅកាន់របបផ្តាច់ការដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែក្រនិងវេទនាទៅៗ។
លោកបាននិយាយថា លោកចង់ឃើញឱ្យមេដឹកនាំកម្ពុជាយកគំរូតាមប្រទេសភូមាដើម្បីឱ្យ កម្ពុជាបានស្គាល់លទ្ធិប្រជាធិបតេយ្យពេញលេញនិងពិតប្រាកដ។«ធ្វើដូច ប្រទេសភូមាអីចឹងពីព្រោះប្រទេសភូមាមានមេដឹកនាំគណបក្សប្រឆាំង ចេះធ្វើចលនាឱ្យគេយល់ពីប្រទេសភូមា ឱ្យសហគមន៍អន្តរជាតិគាបសង្កត់ពួកជនផ្តាច់ការនៅប្រទេសភូមាហើយ ទីបញ្ចប់ឃើញថាចលនានេះប្រកបដោយជោគជ័យ។ដូច្នេះនៅប្រទេសកម្ពុជាក៏ អញ្ចឹងដែរយើងត្រូវធ្វើចលនាដើម្បីឱ្យសហគមន៍អន្តរជាតិគាបសង្កត់ ពួកជនផ្តាច់ការនៅប្រទេសកម្ពុជា»។
គណបក្សសម្ព័ន្ធភាពជាតិប្រជាធិបតេយ្យភូមាកាលពីចុងសប្តាហ៍មុនបាន រៀបចំសមាជគណបក្សនិងបានអញ្ជើញលោកសម រង្ស៊ីមេដឹកនាំគណបក្សប្រឆាំងកម្ពុជាចូលរួម។
សមាជរបស់គណបក្សលោកស្រីអោង សានស៊ូជី បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការនាយកចំនួន១២០នាក់និង សមាជិកគណៈអចិន្ត្រៃយ៍ចំនួន១៥នាក់។លោក ផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីបាននិយាយថាលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជាបានដើរមុនប្រទេសភូមា។ លោកបានបញ្ជាក់ទៀតថាជាគោលការណ៍របស់កម្ពុជាគឺមានទិសដៅបីពិត ប្រាកដគឺធ្វើយ៉ាងណាឱ្យប្រទេសនេះក្លាយខ្លួនទៅជាប្រទេសមួយដែល ឯករាជ្យ សន្តិភាព និងការបង្កើតឱ្យមានបរិយាកាសវឌ្ឍនភាព។«ភូមាគ្រាន់តែជាការដ្ឋាន ថ្មីមួយនៃការដណ្តើមឥទ្ធិពលពីបរទេសហើយនឹងសមត្ថភាពផ្ទៃក្នុងរបស់ ភូមាតែប៉ុណ្ណោះ។ ចំពោះកម្ពុជាយើងមានសមត្ថភាពផ្ទៃក្នុងរបស់យើងរួចស្រេចទៅហើយដែល យើងឈរទៅលើអធិបតេយ្យភាពឈរទៅលើឯករាជ្យភាពហើយនឹងឈរទៅលើសមត្ថភាព ក្នុងការកសាងស្រុករបស់ខ្លួនឯង»។លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូបបាននិយាយថាជំនួបគ្នារវាងមេដឹកនាំគណបក្ស ប្រឆាំងកម្ពុជានិងលោកស្រីអោង សានស៊ូជី គ្មានអ្វីដែលត្រូវរៀនសូត្រពីគ្នាទេ។«ពីភូមានៅឆ្ងាយណាស់ គេផ្សព្វផ្សាយដូចជាបំប៉ោងការវិជ្ជមានប៉ុន្តែតាមខ្ញុំដឹងក្នុងស្រុក មិនមែនជាវិជ្ជមានដូចគេផ្សព្វផ្សាយនោះទេ»។
ស្ថានទូតបារាំង និងជប៉ុនមិនបានឆ្លើយតបជាមួយVOA តាមរយៈសារអេឡិកត្រូនិកឬអ៊ីមែលទេលើក លែងតែស្ថានទូតសហរដ្ឋអាមេរិកមួយតែប៉ុណ្ណោះដែលបានឆ្លើយពាក់ព័ន្ធ នឹងជំនួបគ្នារវាងលោកសម រង្ស៊ីនិងលោកស្រី អោង សានស៊ូជី។លោកសន ម៉ាកឃីនថុស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានប្រាប់តាមសារ អេឡិកត្រូនិកមកថាសហរដ្ឋអាមេរិកគាំទ្រការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាហើយគោលបំណងរបស់យើងចង់ឱ្យមានដំណើរការបោះឆ្នោតដោយ សេរីនិងយុត្តិធម៌ដោយមានការចូលរួមពីគ្រប់គណបក្សនយោបាយទាំងអស់៕
0 comments:
Post a Comment