Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, April 4, 2013

ក្រោយ​គំរាម​វាយ​អាមេរិក កូរ៉េខាងជើង​បញ្ជូន​មីស៊ីល​ទៅ​ឆ្នេរ​ខាង​កើត​

ក្រោយ​គំរាម​វាយប្រហារ​អាមេរិក​កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​រួច​​មក​ កូរ៉េខាងជើង​បាន​បញ្ជូន​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​របស់​ខ្លួន​ទៅ​កាន់​ឆ្នេរ​ខាងកើត។
​ ​​រដ្ឋមន្ត្រី​ការពារ​ប្រទេស​កូរ៉េខាងត្បូង​លោក​ Kim Kwan-Jin ​​បាន​និយាយ​ថា ​មីស៊ីល​របស់​កូរ៉េខាងជើង​អាច​​បាញ់​បាន​ “ចម្ងាយ​ឆ្ងាយ” ​ប៉ុន្តែ​មិន​អាច​បាញ់​ដល់​​ទឹកដី​អាមេរិក​នោះទេ។ ​លោក​បន្ថែម​ថា ​​ការ​បញ្ជូន​មីស៊ីល​នេះ​អាច​ធ្វើឡើង​ក្នុង​គោល​បំណង​ “បាញ់​សាកល្បង ​ឬ​ធ្វើ​សម​យុទ្ធ​យោធា” ប៉ុណ្ណោះ។
​មីស៊ីល​ប្រភេទ​ Musudan ​ដែល​កូរ៉េខាងជើង​បញ្ជូន​ទៅ​ឆ្នេរ​ខាងកើត
​ ​​ការ​វិភាគ​របស់​ក្រុម​ស៊ើបការណ៍​សម្ងាត់​កូរ៉េខាងត្បូង​ដែល​ចុះ​ផ្សាយ​ដោយ ​សារព័ត៌មាន​ Yonhap ​របស់​កូរ៉េខាងត្បូង​​លើក​ឡើង​ថា ​មីស៊ីល​ដែល​​ទីក្រុង​ព្យុងយ៉ាង​បញ្ជូន​ទៅទាំង​នោះ​ គឺ​មីស៊ីល​ប្រភេទ​ Musudan ​ដែល​អាច​បាញ់​បាន​ចម្ងាយ​ប្រហែល​ ៣០០០ ​គីឡូម៉ែត្រ​ ឬ​ច្រើន​ជាង​នេះ។
ប្រភព​ដដែល​បន្ត​ថា ​កូរ៉េខាងជើង​ទំនង​ជា​នឹង​បាញ់​នៅ​ពាក់កណ្ដាល​ខែ​មេសា​នេះ​​ ​ចំ​ពេល​​​​នៃ​ការ​ប្រារព្ធ​ពិធី​ខួប​កំណើត​ស្ថាបនិក​កូរ៉េខាងជើង​​​លោក​ គីម អ៊ីលស៊ុង។ ​ការ​បាញ់​​សាកល្បង​មីស៊ីល​ចូល​​ទៅ​ក្នុង​ដែន​ទឹក​​សមុទ្រ​ជប៉ុន​​ជា​រូបភាព ​​មួយ​ដែល​អ្នក​វិភាគ​និយាយ​ថា ​​​ទំនង​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​កូរ៉េខាងជើង​ដើម្បី​​កុំ​ឲ្យ​បាក់​មុខ​​ពី​ ការ​គំរាម​កន្លង​មក។
​​​​​ស្រប​គ្នា​ នេះ​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​ បាន​ គីមូន​ ​បាន​សម្ដែង​ក្ដី​បារម្ភ​ពី​បញ្ហា​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​នេះ​ជា​ ខ្លាំង។ ​​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ​ ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​សង្កត់​ធ្ងន់​ថា “ការ​គំរាមកំហែង​​អាវុធ​នុយក្លេអ៊ែរ​ មិន​មែន​ជា​ល្បែង​នោះ​ទេ។ ​វា​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់”។ លោក​ បាន​ បន្ត​ថា ​ការ​ប៉ាន់ស្មាន​ខុស​ណាមួយ​អាច​នឹង​នាំ​ទៅ​រក​​គ្រោះថ្នាក់​ដ៏​ធំធេង។
ងាក ​ទៅ​សហរដ្ឋអាមេរិក​វិញ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​​​លោក​ Chuck Hagel ​​​និយាយ​ថា ​​ការ​បន្ត​គំរាម​កំហែង​ពី​​​ទីក្រុង​ព្យុងយ៉ាង​​គួបផ្សំ​នឹង​ការ​​សម្ញែង​​ សាច់ដុំ​ផ្នែក​យោធា​​ផង​នោះ​ជា​ការ​បង្ហាញ​ពី “គ្រោះថ្នាក់​ពិត​ ​និង​ច្បាស់លាស់”​ មួយ​ដល់​អាមេរិក​ និង​សម្ពន្ធមិត្ត​ដូចជា​ ​កូរ៉េខាងត្បូង​ ​និង​ជប៉ុន។
ឆ្លើយ​តប​ នឹង​ការ​គំរាមកំហែង​​​ អាមេរិក​​បាន​បញ្ជូន​ខែល​ការពារ​មីស៊ីល​​​រយៈកម្ពស់​ខ្ពស់​​ (THAAD) ​ទៅ​កាន់​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​លើ​កោះ​ហ្គាម​​ ស្ថិត​នៅ​ចម្ងាយ​ ៣៣៨០ ​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​កូរ៉េខាងជើង​ក្នុង​​មហាសមុទ្រ​ប៉ាស៊ីហ្វិក ​ដែល​​ជា​​កន្លែង​យោធា​​​ ៦ ពាន់​នាក់​កំពុង​ឈរ​ជើង​​ រួម​មាន​កង​​ម៉ារីន ​កង​នាវា​មុជ​ទឹក ​និង​កង​ទម្លាក់​គ្រាប់បែក​ជាដើម។
កាល ​ពី​ម្សិលមិញ​​កូរ៉េខាងជើង​បាន​គំរាម​​​វាយប្រហារ​អាមេរិក ​និង​សម្ពន្ធមិត្ត​កូរ៉េខាងត្បូង​ និង​ជប៉ុន​ដោយ​និយាយ​ថា “​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​អាច​នឹង​​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​នេះ​ ឬ​ថ្ងៃ​ស្អែក”។ ​លើស​ពី​នេះ​ កូរ៉េខាងជើង​​​បាន​បិទ​ច្រក​តំបន់​ឧស្សាហកម្ម​រួម​ Kaesong ​ដែល​​ប្រៀប​ដូចជា​ការ​កាត់​ផ្ដាច់​ដង្ហើម​ចុងក្រោយ​នៃ​សម្ពនភាព​កូរ៉េទាំង​ពីរ​​ផង​ដែរ៕
ប្រែ​សម្រួល៖ Zac
ប្រភព៖ Channelnewsasia

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan