បណ្ដា​មន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី​កំពុង​រៀបចំ​ផែនការ​ជម្លៀស​ប្រជាជន​អូស្ត្រាលី ​រាប់ពាន់​នាក់​ចេញ​ពី​កូរ៉េខាងត្បូង ខណៈ​ដែល​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Julia Gillard និង រដ្ឋមន្ត្រី​ការបរទេស Bob Carr ធ្វើ​ដំណើរ​ទៅ​ចិន​នៅ​ថ្ងៃ​ស្អែក​នេះ ដើម្បី​ទទូច​ដល់​ក្រុង​ប៉េកាំង​ ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​កូរ៉េ​ខាងជើង​​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​ចិន។
ចំណាត់ការ​នេះ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​កូរ៉េខាងជើង​បាន​បញ្ជូន​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​របស់ ​ខ្លួន​ទៅ​កាន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត តម្រង់​ទៅ​កាន់​កូរ៉េខាងត្បូង និង​ជប៉ុន និង​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស ត្រៀម​វាយ​ប្រហារ​នុយក្លេអ៊ែរ​លើ​សហរដ្ឋ​អាមេរិក។
រដ្ឋ​មន្ត្រី​ ការពារ​ជាតិ​អូស្ត្រាលី Stephen Smith បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​នេះ​ថា ផែនការ​​នេះ កំពុង​រៀបចំ​ហើយ ដើម្បី​ជួយ​ដល់​ប្រជាជន​អូស្ត្រាលី​ប្រមាណ​ជា ៧.០០០ នាក់​ដែល​រស់​នៅ និង​ធ្វើ​ការ​នៅ​កូរ៉េខាងត្បូង។
ចំណែក​ប្រទេស​ ថៃ​ក៏​គិតគូរ​ប្រជាជន​ខ្លួន​​ដែរ ដោយ​ពួកគេ​ក៏​មាន​ផែនការ​ត្រៀម​ជម្លៀស​ប្រជាជន​ខ្លួន​ចេញ​ពី​កូរ៉េខាងត្បូង​ ​។ លោក Prajin Juntong អគ្គមេបញ្ជាការ​កង​ទ័ព​អាកាស​ភូមិន្ទ​ថៃ បាន​ប្រាប់​ថា យន្តហោះ​ដឹកជញ្ជូន​យោធា​ប្រភេទ C-130 ពីរ​គ្រឿង និង​យន្តហោះ​ដឹក​អ្នក​ដំណើរ Airbus A310 មួយ​គ្រឿង កំពុង​ត្រៀម​គ្រប់​ពេលវេលា​ ដើម្បី​ជម្លៀស​ប្រជាជន​ថៃ​ប្រមាណ​ជា ៤៣.០០០ នាក់ ចេញ​ពី​កូរ៉េខាងត្បូង ក្នុង​រយៈពេល ៤៨ ម៉ោង ក្នុង​ករណី​មាន​ផ្ទុះ​សង្គ្រាម​មែន​នោះ។
រូបគំរូ​នៃ C 130 ដែលថៃ​ត្រៀម​ជម្លៀស​ប្រជាជន​ចេញ​ពី​កូរ៉េខាងត្បូង
ស្ថានការណ៍ ​នៅ​ឧបទ្វីប​កូរ៉េ​កាន់​តែ​តានតឹង​ឡើងៗ បន្ទាប់​ពី​អាមេរិក​កាល​ពី​ម្សិល​មិញ​បាន​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​ ឆ្លង​ទ្វីប​លើ​នាវា​ចម្បាំង និង​លើ​ដី យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក ជា​ការ​ឆ្លើយ​តប​នឹង​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

ប្រែ​សម្រួល៖ សុផាត
ប្រភព៖ theaustralian.com.au, the Nation