ថ្ងៃ ពុធ 03 មេសា 2013
ដោយ លាង ដឺលុច
RFI
ប្រាសាទព្រះវិហារ ©វណ្ណារ៉ា
សវនាការលើសំណុំរឿងប្រាសាទព្រះវិហារ
នឹងត្រូវផ្សព្វផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ីនថឺនេត Online។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការយុត្តិធម៌អន្តរជាតិ។
សវនាការដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩មេសានោះ
នឹងត្រូវរៀបចំធ្វើនៅក្នុងអគារវិមានសន្តិភាពនៃតុលាការយុត្តិធម៌
អន្តរជាតិទីក្រុងឡាអេ។សេចក្តីប្រកាសព័ត៌មានដដែលបានសរសេរថា ដំណើរការសវនាការផ្ទាល់មាត់នោះ នឹងប្រព្រឹត្តិទៅរយៈពេល២ជុំ។ ជុំទី១ នឹងប្រព្រឹត្តិធ្វើនៅថ្ងៃទី១៥មេសា ដោយផ្តើមជាមួយភាគីកម្ពុជាតែម្តង។ នៅថ្ងៃនោះ កម្ពុជានឹងត្រូវធ្វើបទបង្ហាញពីម៉ោង១០ព្រឹក ដល់ម៉ោង១រសៀល ម៉ោងក្នុងប្រទេសហូឡង់ និងពីម៉ោង៣រសៀល ដល់ម៉ោង៤និង៣០នាទីរសៀល។ ភាគីថៃវិញនឹងធ្វើបទបង្ហាញនៅថ្ងៃទី១៧មេសា នៅម៉ោង១០ព្រឹកដល់ម៉ោង១រសៀល និងពីម៉ោង៣រសៀល ដល់ម៉ោង៤និង៣០នាទីរសៀល។
រីឯនៅក្នុងជុំទី២វិញ កម្ពុជាក៏នឹងផ្តើមធ្វើបទបង្ហាញផ្ទាល់មាត់ នៅថ្ងៃទី១៨មេសា ពីម៉ោង៣រសៀល ដល់ម៉ោង៥ល្ងាច ហើយភាគីថៃនឹងធ្វើបទបង្ហាញរបស់ខ្លួន នៅថ្ងៃទី១៩មេសា ពីម៉ោង៣រសៀល ដល់ម៉ោង៥ល្ងាចដូចគ្នា។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ដែលនឹងដឹកនាំប្រតិភូតំណាងភាគីកម្ពុជាទៅតុលាការអន្តរជាតិនោះ ធ្លាប់បានប្រាប់អោយដឹងថា ការធ្វើសវនាការផ្ទាល់នៅថ្ងៃខាងមុខនេះ គឺជាសវនាការលើកចុងក្រោយតាមនីតិវិធីរបស់តុលាការនេះ មុននឹងក្រុមប្រឹក្សាជំនុំជម្រះសម្រេចថាត្រូវបកស្រាយ ឬមិនបកស្រាយតាមបណ្តឹងរបស់ភាគីកម្ពុជានោះ។ ហើយថាសេចក្តីសម្រេចនឹងអាចចេញនៅចុងឆ្នាំ២០១៣នេះ។
សូមរម្លឹកថា ដោយសារតែរដ្ឋាភិបាលថៃរបស់លោកអាប់ភីស៊ីត វេចាជីវ៉ា បានទាមទារជាច្រើនលើកច្រើនសារ កាន់កាប់តំបន់ជុំវិញប្រាសាទព្រះវិហារតាមរយៈការប្រើប្រាស់ផែនទី ឯកតោភាគីនោះ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី២៨មេសា ឆ្នាំ២០១១ ស្នើសុំអោយតុលាការនេះបកស្រាយសាលក្រមឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានអត្ថាធិប្បាយជាច្រើនដងហើយថា អ្នកនយោបាយថៃតែងយកប្រធានបទព្រំដែន និងប្រាសាទព្រះវិហារធ្វើជាប្រធានបទកេងយកចំណេញផ្នែកនយោបាយផ្ទៃ ក្នុងរបស់ពួកគេ។
នៅពេលនេះក្រុមជាតិនិយមជ្រុលរបស់ថៃបានបង្ហាញគម្រោងអុកឡុកតាម ព្រំដែន ខណៈសវនាការស្តីពីប្រាសាទព្រះវិហារខិតជិតចូលមកដល់។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាអោយកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមខ្លួនការពារ ទឹកដី ប្រឆាំងនឹងការឈ្លានពាន៕
0 comments:
Post a Comment