Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, April 4, 2013

ប្រវត្តិ សេនាប្រមុខ លន់ នល់


លន់ នល់ (Lon Nol) ជាអ្នកនយោបាយ និង ជាឧត្តមសេនីយ៍ យោធាកម្ពុជា (សេនាប្រមុខ) ដែលធ្លាប់កាន់ តំណែងជា នាយករដ្ឋមន្ត្រី កម្ពុជា ២លើក និង ជារដ្ឋមន្ត្រី ការពារជាតិ ។ គាត់បានដឹកនាំ រដ្ឋប្រហារ យោធា ទម្លាក់សម្តេច នរោត្តម សីហនុ និង ជាអ្នកបង្កើតរបប សាធារណរដ្ឋខ្មែរ និង ជាប្រធានាធិបតី សាធារណរដ្ឋនេះ។ គាត់ក៏ជាមនុស្ស ទី១ ដែរ ដែលចេញមុខ ប្រកាសសង្គ្រាម បណ្តេញយួន ខាងជើង និងវៀតកុង ចេញពីទឹកដីខ្មែរ ។

ដោយ៖ ខឿន សាឃៀន
Wednesday 03 April 2013
The Free Press Magazine
លោកសេនាប្រមុខ លន់ នល់ (១៩១៣- ១៩៨៥)
លោកសេនាប្រមុខ លន់ នល់ (១៩១៣- ១៩៨៥)
លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរ ដើមកំណើតចិន ។ ឪពុករបស់ គាត់ឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន, គាត់ជាកូនទី២ ក្នុងគ្រួសារដែល មានបងប្អូន ១០នាក់ ដែលក្នុងនោះ ប្អូនប្រុសទី៧ របស់គាត់ឈ្មោះ លន់ ណុន ជាមនុស្ស ដែល មានតួនាទី សំខាន់ក្នុង ប្រវត្តិសាស្ត្រ នយោបាយខ្មែរ ចាប់តាំងពីការ ចាត់ចែងធ្វើ រដ្ឋប្រហារទម្លាក់ សម្តេចសីហនុ និង ការបង្កើត របប សាធារណរដ្ឋខ្មែរ ។ ឪពុករបស់គាត់ ធ្លាប់ជា អភិបាលស្រុក នៅខេត្ត សៀមរាប និង ខេត្តកំពង់ធំ បន្ទាប់ពីបាន ដឹកនាំ ក្រុមបង្ក្រាប ចោរប្លន់ នៅខេត្តព្រៃវែង ។ លន់ នល់ ទទួលបានការ អប់រំនៅ សាលា សាសឺលូប-ឡូបា (Chasseloup-Laubat) នាទីក្រុងសាយហ្កន បន្ទាប់មកបាន ចូលសិក្សានៅ សាលាយោធា កម្ពុជា ។
លន់ នល់ ជាមន្ត្រីស៊ីវិល ក្នុងសម័យ រដ្ឋាភិបាល អាណានិគម បារាំងនាឆ្នាំ ១៩៣៧ ។ គាត់បាន ក្លាយជា អ្នកកាន់អំណាច រដ្ឋបាល ហើយក៏បានធ្វើ ខ្លួនឱ្យក្លាយជាអ្នក ប្រតិបត្តិការ ដ៏មានប្រសិទ្ធភាព របស់បារាំង ប្រឆាំងបង្ក្រាប ចលាចល ជាបន្តបន្ទាប់នៃ ការប្រឆាំង នឹងអាណា និគមបារាំង នាឆ្នាំ១៩៣៩ ។ លុះដល់ឆ្នាំ ១៩៤៦ គាត់បានក្លាយជា ចៅហ្វាយខេត្ត ក្រចេះ ។ គាត់បានក្លាយ ជាសហការី របស់សម្តេច សីហនុ ហើយនៅក្នុង អំឡុងចុង ទសវត្សរ៍ឆ្នាំ ១៩៤០ នៅពេលដែល គាត់បានបង្កើត ចលនាស្តាំនិយម, រាជាធិបតេយ្យ ជាក្រុម នយោបាយ គាំទ្រឯករាជភាព ដែលធ្វើឲ្យ គាត់ជាប់ពាក់ព័ន្ធ នឹងរឿង នយោបាយ ប្រទេសកម្ពុជា ខ្លាំងឡើងៗ ។ គាត់បានចូល បម្រើកងទ័ព នៅឆ្នាំ១៩៥២ ហើយគាត់ បានដឹកនាំ ប្រតិបត្តិការ កងទ័ព ប្រឆាំងវៀតមិញ ។
បន្ទាប់ពីប្រទេសកម្ពុជា ទទួលបាន ឯករាជ្យ ពីបារាំង គណបក្ស កំណែទម្រង់ខ្មែរ (Khmer Renovation ) របស់គាត់ (រួមនឹងគណបក្ស ស្តាំនិយមតូចៗ ដែលដឹកនាំ ដោយ សម សារី និង ដាប ឈួន ) បានក្លាយជា គណបក្សស្នូល របស់ គណបក្ស សង្គមរាស្ត្រនិយម របស់ សម្តេច នរោត្តម សីហនុ សម្រាប់ប្រជែង ការបោះឆ្នោត ឆ្នាំ១៩៥៥ ។
លន់ នល់ ត្រូវបានតែងតាំង ជានាយសេនាធិការ កងទ័ពនៅឆ្នាំ ១៩៥៥ និង ជាអគ្គមេបញ្ជាការ កងទ័ពនៅឆ្នាំ១៩៦០ និង កាន់តំណែងជា រដ្ឋមន្ត្រីក្រសួង ការពារជាតិ ផងដែរ ។
នៅពេលនោះ គាត់ជាអ្នកគាំទ្រម្នាក់ដែលទទួលបានការទុកចិត្តពីសម្តេច សីហនុ ។ ឆ្នាំ១៩៦៣ គាត់ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ខណៈដែលសម្តេច សីហនុ ព្យាយាមស្វែងរកចលនា “ អព្យាក្រឹតនិយម “ ជាអន្តរជាតិក្នុង បំណងបញ្ចៀស ប្រទេសរបស់ ព្រះអង្គពីការ ប៉ះពាល់ដោយសង្គ្រាមឥណ្ឌូចិនលើកទី២ ។
នៅឆ្នាំ១៩៦៦ ការបោះឆ្នោតសភា បានធ្វើឱ្យមានតុល្យភាពអំណាចចំពោះ លន់ នល់ និង សមាសធាតុស្តាំនិយមរបស់គណៈបក្សសង្គមរាស្ត្រនិយម នៅពេលដែលបេក្ខជនអភិរក្ស និង ពួកស្លាបស្តាំត្រូវបានជ្រើសរើសយ៉ាងច្រើន។ លន់ នល់ បានក្លាយជានាយករដ្ឋមន្ត្រី ហើយ គាត់គឺជាមនុស្សដែលប្រកៀកស្មាគ្នាជាមួយសីហនុ ក្នុងការប្រយុទ្ធជាមួយពួកកុម្មុយនិស្ត ។ ជាក់ស្តែង នៅចន្លោះឆ្នាំ១៩៦៦-១៩៦៧ កងអន្តរាគមន៍របស់គាត់ រួមជាមួយកងរាជតម្រួតរបស់សម្តេច សីហនុ បានបង្ក្រាបការបះបោររបស់កសិករនៅសំឡូត ខេត្តបាត់តំបង ដែលត្រូវ បានញុះញង់ដោយពួកកុម្មុយនិស្ត ។ ការបះបោរនេះកើតឡើងពីកសិករលក់ស្រូវទៅឱ្យកងទ័ពកុម្មុយនិស្តយួនដែលដើរប្រមូលទិញក្នុងតម្លៃថ្លៃជាងរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ ការបង្ក្រាបនេះមានសភាពឃោរឃៅ និង មានរយៈពេលច្រើនខែ រហូតដល់មាន ការប្រយុទ្ធ ប្រដាប់អាវុធ និង មានប្រកាសផ្តល់រង្វាន់ដល់បុគ្គលណាកាត់បានក្បាលពួកកុម្មុយនិស្ត។ មនុស្សជាច្រើនបានរត់ចូលព្រៃ និង អ្នកខ្លះត្រូវបានចាប់ចងធ្វើទណ្ឌកម្មសួរចម្លើយ។ សារព័ត៌មាននានា នាសម័យនោះបានសរុបថាយ៉ាងហោចណាស់មានមនុស្ស១.០០០ ក្លាយជាជន រងគ្រោះ ហើយអ្នកខ្លះទៀតមានគំនុំជាមួយរដ្ឋាភិបាលសង្គមរាស្ត្រនិយមយ៉ាងខ្លាំង។ លន់ នល់ ធ្លាប់បានធ្វើជាអភិបាលខេត្តបាត់ដំបងនេះដែរ ។
លន់ នល់ បានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្តនៅចុងឆ្នាំ១៩៦៨ និង ត្រូវបានបង្ខំឱ្យថយពីកិច្ចការនយោបាយជាបណ្តោះអាសន្ន។ ទោះយ៉ាងណា នៅឆ្នាំ១៩៦៨ គាត់បានវិលត្រឡប់មកក្នុងឆាកនយោបាយវិញ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយនៅឆ្នាំ១៩៦៩ គាត់ បានក្លាយជា នាយករដ្ឋមន្ត្រី ជាលើកទី២។
ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ លន់ នល់ ត្រូវបានគេចាត់ទុក ថាជាមេក្លោង ម្នាក់ ក្នុងចំណោមមនុស្ស សំខាន់បំផុត ទាំង៣រូប ក្នុងការទម្លាក់ សម្តេច សីហនុ ពីតំណែងជា ព្រះប្រមុខរដ្ឋ។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ និង សេរីមតៈ បានបិទកំពង់ផែ ព្រះសីហនុ ជាទីដែល អាវុធយុទ្ធភ័ណ្ឌ ត្រូវបានដឹកជញ្ជូន ដោយលួចលាក់ សម្រាប់ពួកវៀតកុង ទៅឱ្យកងទ័ព វៀតណាមខាងជើង។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ របស់ លន់ នល់ ដែលត្រូវបានបង្កើតឡើងដោយសម្តេចសីហនុ កាលពីថ្ងៃទី១៤ សីហា ឆ្នាំ១៩៦៩ ដោយសារពេលនោះស្ថានភាពប្រទេសជាតិកំពុងមានស្ថានភាពធ្ងន់ធ្ងរនោះ បានផ្ញើលិខិតទៅឱ្យ រដ្ឋាភិបាលក្រុង ហាណូយ និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូងដោយដាក់ឱសានវាទថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ ពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា។ មុននេះ លន់ នល់ ធ្លាប់បានជួបប្រធានរណសិរ្សវៀតកុង និង នាយកមន្ត្រីវៀតណាមខាងជើងនៅប៉េកាំង ជម្រុញឱ្យពួកគេដកទ័ពចេញពីទឹកដីកម្ពុជា ប៉ុន្តែគាត់ទទួលបានលទ្ធជាទីខកចិត្តយ៉ាងខ្លាំង។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស សម្តេចសីហនុបានមានបន្ទូលថាព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូល ឱ្យ រដ្ឋាភិបាលទាំងពីរនេះដាក់គំនៀបលើយួនខាងជើង និង វៀតកុងឱ្យដកចេញពីទឹកខ្មែរ ។
ដោយសំអាងលើសេចក្តីប្រកាសនេះ គេឃើញថារដា្ឋភិបាលភ្នំពេញដែលកំពុងត្រូវបានដឹកនាំជំនួសដោយ លន់ នល់ ក៏ដូចជាព្រះអង្គដែរកំពុងធ្វើការក្នុងគោលដៅតែមួយ ពោលគឺដើម្បីបណ្តេញកងទ័ពយួនកុម្មុយនិស្ត និង វៀតកុងឱ្យចេញពីទឹកដីកម្ពុជា គ្រាន់តែក្នុងរបៀប ផ្សេង គ្នាតែប៉ុណ្ណោះ ។ ដោយហេតុនេះ ធ្វើឱ្យគេឆ្ងល់ថាហេតុអ្វីបានជាព្រះអង្គបញ្ចេញប្រតិកម្មបែបនេះទៅវិញ ។
ស្ថានភាពនៅកម្ពុជាពុំមានភាពស្រាកស្រាន្តសោះឡើយ ។ ទឹកចិត្តរបស់រាស្ត្រខ្មែរកាន់តែពោរពេញទៅដោយកំហឹងខ្លាំងឡើងៗចំពោះកងទ័ពវៀតណាមខាងជើង និង ពួកវៀតកុង ។ ព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយទៀតត្រូវបានធ្វើឡើងនៅមុខរដ្ឋសភា ដើម្បីសុំឱ្យ អង្គការកំពូលនេះចោទប្រកាន់ឥស្សរជនស៊ីវិល និង យោធាមួយចំនួនពីបទសមគំនិតជាមួយវៀតណាមកុម្មុយនិស្ត៍ ដែលមនុស្សទាំងនោះសុទ្ធជាមនុស្សក្នុងរាជវង្ស ឬ ក៏ជាអ្នកស្និទ្ធនឹងអ្នកម្នាងម៉ូនិក ដូចជា អ៊ុំ ម៉ាណូរិន្ទ ជាដើម ។
ស្អែកឡើង គឺថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មបានចាប់ផ្តើមកញ្ជ្រោលឡើងម្តងទៀត ។ សភាបានបន្តការប្រជុំតាមការគ្រោងទុក ។ ការចោទប្រកាន់ចំពោះសម្តេចកាន់តែមានភាពជូរចត់ឡើងៗ ។ រថពាសដែក និង រថយន្តដឹកកងទ័ព ត្រៀមប្រយុទ្ធ បានធ្វើចលនា ខ្វាត់ខ្វែង តាមដងផ្លូវធំៗពាសពេញទីក្រុង ។
យោងតាមឯកសារខ្លះ “លន់ នល់ បានបដិសេធមិនអនុញ្ញាត្តឱ្យដកហូត សម្តេច សីហនុ ពីតំណែងជាព្រះប្រធានប្រមុខរដ្ឋឡើយ ។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានចាក់កាសែតដែលគេលួចថតពេលសម្តេច នរោត្តម សីហនុ មានបន្ទូលនៅក្នុងអង្គប្រជុំ១ នៅទីក្រុងប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ ក្នុងខ្សែអាត់នោះ ព្រះអង្គបានស្តីបន្ទោសចំៗឈ្មោះនូវមនុស្សដែលព្រះអង្គហៅថាជាអ្នកក្បត់ព្រះអង្គ ហើយថាព្រះអង្គនឹងដាក់ទណ្ឌពួកអ្នកទាំងនោះភ្លាម នៅពេលព្រះអង្គយាងត្រឡប់មកដល់ភ្នំពេញ ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រីលោកសេនាប្រមុខ លន់ នល់ នៅតែមិនប្រាកដថានឹងញុះញង់ឱ្យសភាបោះឆ្នោតទម្លាក់សម្តេច នៅឡើយ ។ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០នោះ ព្រះអង្គម្ចាស់ សិរិមតៈ ដោយមានមន្ត្រីយោធា៣រូប បានទៅដល់ភូមិគ្រឹះរបស់សេនាប្រមុខ លន់ នល់ ហើយភ្ជង់កាំភ្លើងបង្ខំ លន់ នល់ ដែលកំពុង ជោគជាំ ដោយជលនេត្រឱ្យចុះហត្ថលេខាលើឯកសារចាំបាច់ទាំងឡាយដើម្បីដកហូតសម្តេច សីហនុ ។ ស្អែកឡើង ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភា បានបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេចសីហនុ ពីអំណាច” ។
ថ្វីត្បិតតែត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ តែងតែមានបំណងដកហូត សម្តេច នរោត្តម សីហនុ ពីអំណាចកំពូលក្នុងប្រទេសខ្មែរ ដោយសារតែសម្តេចជាស្រឡាយ នរោត្តម ក៏ពិតមែន ប៉ុន្តែយើងយល់ថា ការអះអាង ខាងលើនេះ មិន សូវទំនងឡើយ គឺយើងយល់ថាព្រះអង្គម្ចាស់ សិរិមតៈ មិនហ៊ានធ្វើបែបនោះចំពោះ លន់ នល់ ឡើយ។
សៀវភៅ “ សាធារណៈរដ្ឋខ្មែរ “ របស់បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្របានតាមរុករកឃើញនូវរឿងអាថ៌កំបាំងមួយដែលនាំឱ្យ លន់ នល់ សម្រេចចិត្តអនុញ្ញាត្តឱ្យមានការដកហូតសម្តេចសីហនុ ពីអំណាចថា គឺជាល្បិចរបស់ប្អូនប្រុសគាត់គឺ លន់ ណុន។
គួររំលឹកឡើងវិញថា រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ អំណាចរបស់សម្តេចសីហនុ នៅតែមានសុវត្ថិភាពនៅឡើយ ត្បិតមនុស្សពីររូបគឺ លន់ នល់ និង ព្រះអង្គម្ចាស់ សិរិមតៈ មិនទាន់បើកផ្លូវ។
ពិតហើយថា សិរិមតៈ កំពុងតែរង់ចាំយ៉ាងអន្ទះសាបន្ទាប់ពីការប៉ុនប៉ងរបស់ព្រះអង្គក្នុងការដកហូតសីហនុ ចេញពីអំណាច ដើម្បីយកម្កុដរាជ ទៅបំពាក់ឱ្យមនុស្សណាម្នាក់ដែលជាស្រឡាយស៊ីសុវត្ថិ ។ ទោះយ៉ាងណា ព្រះអង្គទំនងជាមិនចង់ទទួលខុសត្រូវរឿងនេះតែ១អង្គឯង ទើបព្រះអង្គនៅចាំមើលការឈានមួយជំហានមុនរបស់ លន់ នល់ ដែលជាជំហានចុងក្រោយដើម្បីទម្លាក់សីហនុ ខណៈ លន់ នល់ ហាក់ដូចជាមិនទាន់ប្រាកដថាធ្វើយ៉ាងណា ដែលមានន័យថា នាយករដ្ឋមន្ត្រីរូបនេះ មិនទាន់អនុញ្ញាត្ត ឱ្យនរណាម្នាក់ ប៉ះពាល់ដល់ឋានៈ របស់ សម្តេចសីហនុ។
បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្ត បានទំលាយឱ្យដឹងថា “ នៅយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ លន់ ណុន អមដោយហង្ស ធុនហាក់ , ឆន សុខុម និង គង់ អ៊ន បានទៅភូមិគ្រឹះរបស់ លន់ នល់ ហើយបានប្រាប់លោក លន់ នល់ ថា៖ “ លោកបង ព្រះ អង្គម្ចាស់ សិរិមតៈ បានសម្រេចព្រះទ័យដកហូតតំណែងរបស់សម្តេចសីហនុ ហើយ “ ។
លោកសេនាប្រមុខ លន់ នល់ ដែលទើបតែភ្ញាក់ពីដំណេកដោយសារប្អូនប្រុសរបស់គាត់ដាស់ បន្ទាប់ពីពួកគេបានឈររង់ចាំយ៉ាងយូរមកនោះ បានប្រាប់ទៅលោកលន់ ណុន វិញថា ៖ “ បើមតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេចធ្វើអីចឹងទាំងអស់គ្នា !“ ។
តាមពិតព្រះអង្គម្ចាស់សិរិមតៈ មិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ។ បន្ទាប់មកទៀត លោកលន់ ណុន បានចាកចេញពីផ្ទះបងប្រុសរបស់គាត់ ធ្វើដំណើរទៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់សិរិមតៈ ហើយបានទូលព្រះអង្គថា បងប្រុសរបស់គាត់គឺ លន់ នល់ បានសម្រេចចិត្ត ចាត់ការទម្លាក់សីហនុ ហើយ ដែលតាមពិតទៅ លោកសេនាប្រមុខ លន់ នល់ បានចាញ់បោកគាត់( លន់ ណុន ) តែប៉ុណ្ណោះ។ ដោយហេតុនេះ ស្អែកឡើង គឺថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ បានសម្រេចបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ នៅម៉ោង ១៣ និង ៣០នាទី “ ។
យប់ថ្ងៃទី១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជា នាពេល ដ៏ខ្លីខាងមុខ ។ ការប្រកាស បែបនេះ បណ្ឌិត រស់ ចន្ត្រាបុត្រ បានអះអាងថា ធ្វើឡើងតាម ការស្នើសុំរបស់ វរសេនីយ៍ត្រី លន់ ណុន ។ ប៉ុន្តែបន្ទាប់ពី ត្រូវបាន គេរាយ ការណ៍ថ្វាយ អំពីសេក្តី ប្រកាសនោះ ព្រះអង្គម្ចាស់ សិរិមតៈ បានជំទាស់ ហើយបានស្នើ ឱ្យលើកសេចក្តី ប្រកាសនោះ ទៅធ្វើនៅ ថ្ងៃក្រោយ ។
នៅពេលឃើញថា ដំណើរនៃការ បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជាត្រូវបាន រាំងខ្ទប់ដោយ ព្រះអង្គម្ចាស់សិរិមតៈ ដែលចង់បន្ត ប្រទេសកម្ពុជា ឱ្យនៅជាប្រទេស រាធិបតេយ្យ តទៅទៀតនោះ ទើបថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ លន់ ណុន បានបញ្ជាឱ្យ ថាច់ ជា (ដើម កំណើត ខ្មែរកម្ពុជា ក្រោម ) រៀបចំធ្វើ បាតុកម្មដ៏ ធំមួយ ឈ្មោះថា “ ដំណើរឆ្ពោះទៅរក ភាពស្របគ្នា ខាងផ្លូវចិត្តគំនិត “ នៅក្នុង ពហុកីឡាដ្ឋាន អូឡាំពិក ក្រុងភ្នំពេញ។ បាតុកម្មនេះ ធ្វើឡើងដើម្បី សំណូមពរឱ្យ សេនាប្រមុខ លន់ នល់ បង្កើតរបប សាធារណៈរដ្ឋមួយ នៅ កម្ពុជា។ បន្ទាប់ពីការ ជួបជុំ គ្នានៃហ្វូង បាតុករនេះទៅ លន់ ណុន បានសន្យា យ៉ាងឱឡារិកថា របប សាធារណរដ្ឋមួយ នឹងត្រូវបានបង្កើតឡើង នៅក្នុងពេល ឆាប់ៗ ខាងមុខនេះ។
ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្សរបស់ ព្រះអង្គនៅតែ មិនព្រម ហើយព្រះអង្គម្ចាស់ លេចធ្លោជាងគេ នៃស្រឡាយ ស៊ីសុវត្ថិ អង្គនេះលើក ហេតុផលថា ពេលវេលាពុំ ទាន់មកដល់ឡើយ ហើយថាប្រការនេះ នឹងធ្វើឱ្យខូចខាត ដល់រូបភាពនៃ របបថ្មីនេះ នៅលើឆាក អន្តរជាតិ និង ធ្វើឱ្យចុះខ្សោយ របបនេះ នៅក្នុងសម័យ ប្រជុំអង្គការ សហប្រជាជាតិ ឆាប់ៗ ខាងមុខនេះ។
វាហាក់ដូចជាថា មនុស្សរបស់ លោក លន់ ណុន បានជោគជ័យច្រើនណាស់ទៅហើយ នៅពេលដែល លន់ នល់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧០ បានប្រកាសតាមវិទ្យុថា របបសាធារណរដ្ឋ នៅកម្ពុជា នឹងត្រូវបានបង្កើតឡើងនៅរយៈពេល២ខែខាងមុខ។
ទោះជាព្រះអង្គម្ចាស់ សិរិមតៈ ខំរាំងខ្ទប់យ៉ាងណាក៏មិនបានដែរ ហើយទីបំផុតថ្ងៃទី៩ តុលា ឆ្នាំ១៩៧០ បានមកដល់ ហើយរបបសាធារណរដ្ឋខ្មែរ បានប្រកាសបង្កើតឡើង និង ប្រកាសឱ្យមានការរៀបចំធ្វើបុណ្យទូទាំងប្រទេស។ នេះជាលើកទី១ និង តែម្តងគត់ ដែលរបប សាធារណរដ្ឋ បានចាប់កំណើតនៅលើទឹកដីកម្ពុជា។ ប្រការនេះធ្វើឱ្យមនុស្សភាគីទាំងទ្វេមានទំនាស់នឹងគ្នាកាន់តែស្រួចស្រាលឡើងថែមទៀត។ ដោយហេតុនេះ នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានក្លាយជាប្រធានាធិបតីទី១ និង តែម្នាក់គត់របស់សាធារណរដ្ឋ នៅកម្ពុជា ។ គាត់មានឋានៈជាអគ្គសេនាធិការកងទ័ព ហើយគាត់បានចែករំលែកអំណាចជាមួយព្រះអង្គម្ចាស់សិរិមតៈ ដោយប្រគល់ថ្វាយព្រះអង្គឱ្យជាអ្នកទទួលបន្ទុកនយោបាយ ពោលគឺជាមនុស្សទី២ បន្ទាប់ពីលន់ នល់ ក្នុងរបបនេះ។
តាំងពីឡើងកាន់អំណាចមក សេនាប្រមុខ លន់ នល់ បានចាប់ផ្តើមធ្វើសង្គ្រាមបណ្តេញកងទ័ពវៀតណាមខាងជើង និង វៀតកុងចេញពីទឹកដីកម្ពុជា ។ ដោយហេតុនេះ រដ្ឋាភិបាលរបស់គាត់ទទួលបានជំនួយទាំងស្រុងពីសហរដ្ឋអាមេរិក ដែលកំពុងជួយវៀតណាមខាងត្បូង ធ្វើ សង្គ្រាមជាមួយវៀតណាមខាងជើង ។
ជាអកុសល រដ្ឋាភិបាលសាធារណរដ្ឋខែ្មរ របស់ លន់ នល់ មិនមានសំណាងល្អឡើយ ដោយសារអំពើពុករលួយនៅតែបន្តរស់រានមានជីវិតនៅលើទឹកដីនេះដដែល ហើយមានសភាពធ្ងន់ធ្ងរមិនចាញ់កាលប្រទេសនេះស្ថិតក្រោមដឹកនាំរបស់សម្តេចសីហនុឡើយ ។ មិនមានករណី ពុករលួយណាមួយត្រូវបានដោះស្រាយឡើយ ហើយបុគ្គលដែលគេធ្លាប់បានចោទថាពុករលួយដល់កំពូលក្នុងរបបសម្តេចសីហនុ ដូចជា សូស្តែន ហ្វែណង់ដេស ជាដើម នៅតែបន្តរស់នៅដោយសុខសាន្ត គ្មានទោស ថែមទាំងនៅតែមានអំណាចក្នុងរដ្ឋាភិបាលថ្មីនេះផងទៀត។ សម្ភារៈសិក ដែលជាជំនួយរបស់អាមេរិកមិនត្រូវបានគេប្រគល់ឱ្យកងទ័ពដោយគ្រប់គ្រាន់ឡើយ បែរជាត្រូវគេដាក់លក់នៅតាមផ្សារដូចជាផ្សារអូឡាំពិកជាដើម ហើយប្រជាជនខ្មែរដែលស្រលាញ់ជាតិបាននាំគ្នាលក់គោក្របី និង ស្រែចំការទៅទិញសម្ភារៈទាំងនោះ ដើម្បីធ្វើ ដំណើរចូលសមរភូមិ រីឯកងទ័ពខ្លះនាំទាំងប្រពន្ធកូនទៅជាមួយផង ។
កងទ័ពរបស់ លន់ នល់ ដែលគ្មានបទពិសោធ ពុំមានយុទ្ធភ័ណ្ឌគ្រប់គ្រាន់ ខ្វះការដឹកនាំឱ្យបានត្រឹមត្រូវនោះ ត្រូវបានកងទ័ពកុម្មុយនិស្តយួន វាយកំទេចខ្សែត្រៀម និង សម្លាប់យ៉ាងអាណោចអាធ័មជាបន្តបន្ទាប់។
របបសាធារណៈរដ្ឋខ្មែរ ត្រឹមតែរយៈពេល៥ឆ្នាំសោះគឺពី ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ គេឃើញមានការប្តូរផ្លាស់គណៈរដ្ឋមន្ត្រីជាច្រើនលើកច្រើនសាដែលក្នុងនោះគឺគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គម្ចាស់ សិរិមតៈ, របស់ លោក ហង្ស ធុនហាក់, របស់លោក អ៊ិន តាំ (២លើក), របស់ លោក សឺង ង៉ុកថាញ់ , របស់លោក ឡុង បូរ៉េត ( ៣លើក )។ ប៉ុន្តែមិនដែលឃើញរដ្ឋាភិបាលណាមួយទទួលបានជោគជ័យធំដុំឡើយ ។ ចំណុចគួរកត់សំគាល់មួយគឺថា ទោះជាមានការផ្លាស់ប្តូរញឹកញាប់យ៉ាងណាក្តី ប៉ុន្តែសមាសភាពនៃរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីនោះៗ ភាគ ច្រើនគឺជាមនុស្សដដែលៗ ពោលគឺប្តូរផ្លាស់តែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ ប្រហែលនេះ ក៏ជាកត្តាមួយដែលមានចំណែកដល់ភាពមិនជោគជ័យ នៃ គណៈរដ្ឋមន្ត្រីទាំងនោះដែរ។
ការផ្លាស់ប្តូររបត់នយោបាយរបស់មហាអំណាចនាំឱ្យអាមេរិកព្រមទទួលយកថាជាអ្នកចាញ់សង្គ្រាមនៅវៀតណាម។ ប្រការនេះ ប្រទេសកម្ពុជាលែងក្លាយជាទឹកដីដែលអាមេរិកាំងត្រូវការចាំបាច់ទៀត ។ ហេតុនេះរដ្ឋាភិបាលអាមេរិក ក៏បានផ្តាច់ជំនួយមកឱ្យរដ្ឋាភិបាលលោក លន់ នល់ ជាបន្តបន្ទាប់។
សម្តេច សីហនុ បានមានបន្ទូលថានៅពេលក្រុមរបស់ព្រះអង្គបានចូលកាន់កាប់ប្រទេសកម្ពុជានោះ ព្រះអង្គនឹងបញ្ជាឱ្យគេបាញ់សម្លាប់ លន់ នល់ ប្រសិនបើចាំបាច់។ ប៉ុន្តែបើ លន់ នល់ ព្រមចុះចាញ់ហើយនិរទេសចេញពីកម្ពុជា គាត់នឹងមិនមានការ តាមចាប់ខ្លួន ឬតាមចងកម្ម ឡើយ ។ ដោយហេតុនេះទើបទីបំផុតសហរដ្ឋអាមេរិក បានព្យាយាមបញ្ចុះបញ្ចូលឱ្យ លន់ នល់ ទទួលយកជម្រើសចុងក្រោយនេះ។
ថ្ងៃទី១ ខែមេសា ១៩៧៥ លន់ នល់បានលាលែងពីតំណែង និង និរទេសខ្លួនទៅកាន់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់មកទៅសហរដ្ឋអាមេរិក និង បានតាំងលំនៅឋានដំបូងនៅរដ្ឋហាវ៉ៃ ហើយនៅឆ្នាំ១៩៧៩ នៅរដ្ឋកាលីហ្វូនញ៉ា។ គាត់បានស្លាប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan