នៅឆ្នាំ១៤៣១ ព្រះបាទពញាយ៉ាត ទ្រង់បានលើករាជធានីពីអង្គរ ទៅតាំងនៅ ទួលបាសាន ក្នុងខេត្តស្រីសឈរ(កំពង់ចាម)វិញ។ តែដោយតំបន់នោះរងគ្រោះដោយទឹកជំនន់ ព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពី ទួលបាសាន ទៅតាំងនៅចតុមុខវិញ។ ក្រោយពីការកសាងរាជធានីរួចរាល់ ព្រះរាជាទ្រង់តាំងប្រទាននាមឲ្យព្រះនគរថា៖ ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ។
សង្គ្រាមរំដោះយកអាណាខេត្តខ្មែរទិសខាងលិចពីសៀម
ព្រះស្រីរាជា ជាព្រះអនុជព្រះបាទនារាយណ៍រាជា(បុត្រច្បងនៃព្រះបាទពញាយ៉ាត។ ក្រោយពីឡើងស្នងរាជ្យនៅ១៤៦៩មក ជានិច្ចកាលតែចិញ្ចឹមចិត្ត ដឹកនាំប្រទេសជាតិឲ្យបានថ្កុំថ្កើងរុងរឿងសម្បូណ៍សប្បាយ។ ព្រះអង្គមានមនសិការជាតិខ្ពស់ ស្ដាយស្រណោះទឹកដីប៉ែកខាងលិច ដែលបាត់បង់ដោយសៀមរឹបអូស លេបត្របាក់យកកន្លងទៅ។ ព្រះអង្គទ្រង់បានរៀបចំចាត់តាំងអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ ឲ្យមាំមួន និងបានកសាងកម្លាំងទ័ព ទាំងជើងគោក ទាំងជើងទឹក ព្រមទាំងភ័ស្តុភារសឹក ស្បៀង និងទ័ពបម្រុងឲ្យខ្លាំងពូកែ និងស្ទាត់ជំនាញ។ នៅឆ្នាំ១៤៧៥ ព្រះបាទស្រីរាជា បានប្រកាសធ្វើចម្បាំងរំដោះយកទឹកដីខ្មែរ ដែលសៀមយក ក្នុងរជ្ជកាលព្រះរាជាមុនៗ មកវិញ។ ទ្រង់បានដឹកនាំទ័ព ដោយព្រះអង្គឯង ហើយចាត់តាំងព្រះស្រីសុរិយោទ័យជាក្មួយ ឲ្យកម្លាំងទ័ព និងប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខ រីឯព្រះធម្មរាជាដែលជាឧបរាជ និងជាព្រះអនុជ ត្រូវបានចាត់តាំង ឲ្យនៅថែរក្សារាជធានីចតុមុខ។ កងទ័ពជាតិខ្មែរ ដឹកនាំដោយព្រះរាជាផ្ទាល់ បានលើកសំដៅទៅទិសខាងលិច ហើយបានកម្ចាត់ពួកសៀមឈ្លានពាន ឲ្យចេញផុតពីទឹកដីខ្មែរ រួចកាន់កាប់ អាណាខេត្តទាំងអស់នោះ ដែលសៀមបានលេបយក ដូចជា នគររាជសីមា បស្ចិមបុរី រយ៉ង និងចន្ទបុរី។ នៅក្នុងចម្បាំងរំដោះ យកអាណាខេត្ត ទាំងប៉ុន្មានខាងលើនេះ ព្រះរាជាទ្រង់សប្បាយរីករាយណាស់ ដោយឃើញរាស្ត្រខ្មែរដែលរស់នៅទីនោះ បានងើបឡើងពួ្រតកម្លាំងគ្នា នឹងកងទ័ពជាតិ ដើម្បីកម្ចាត់សត្រូវលេបទឹកដីឲ្យអស់ពីមាតុភូមិ។ ជោគជ័យដ៏ត្រចះត្រចង់នៃចម្បាំងនោះ បានជម្រុញឲ្យព្រះរាជាខ្មែរ សម្រេចព្រះទ័យវាយកម្ទេចកម្លាំងទ័ពជាតិសៀម ឲ្យរលាយអស់ក្នុងពេលនោះតែម្ដង។ ក្រោយពីសម្រេចព្រះទ័យដូចនោះហើយ ព្រះអង្គក៏រៀបក្បួនទ័ពវាយលុកចូលរហូតដល់ក្រុងអយុធ្យា។ ទីក្រុងអយុធ្យាត្រូវឡោមព័ទ្ធ ព្រះអង្គទ្រង់ប្រាថ្នា រំលាយរាជធានីនេះចោល។ ប៉ុន្តែពេលនោះ ដោយឧកញ៉ាចក្រីម៉ន ដែលជាប្រមុខទ័ព បានទទួលមរណភាព ក្នុងសមរភូមិបន្ទាប់ពីត្រូវរបួសជាទម្ងន់ និងដោយកងទ័ពខ្មែរថមថយកម្លាំង ផែនការរំលាយរាជធានីសៀមក៏ត្រូវអាក់អន់។ ទន្ទឹមនឹងនោះដែរវិបត្តិរាជវង្សខ្មែរក៏ផ្ទុះឡើង។ ដូចនេះ ផែនការរំដោះយកខេត្តខាងលិច ដែលសៀមបានទន្ទ្រានយកកន្លងមកនោះ ត្រូវរលាយអស់ទៅវិញ។
អន្តរាគមន៍របស់ស្ដេចសៀមនៅក្នុងវិបត្តិរាជវង្សខ្មែរ
នៅពេលដែលព្រះបាទស្រីរាជាជាប់ដៃប្រយុទ្ធ នៅសមរភូមិឯនោះ ព្រះអង្គម្ចាស់ស្រីសុរិយោទ័យជាក្មួយរបស់ព្រះអង្គ(បុត្រព្រះនារាយណ៍រាជា) មានគំនិតក្បត់ ហើយគេចខ្លួនចេញពីរាជធានីចតុមុខ ទៅបំបះបំបោរប្រជារាស្ត្រ នៅត្រើយខាងកើតទន្លេធំ ទន្លេមេគង្គ។ ក្សត្រអង្គនេះបានបង្កទ័ព វាយដណ្ដើមយកខេត្តជាច្រើន មកត្រួតត្រា មានខេត្តស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ … ។ បន្ទាប់មក កងទ័ពស្រីសុរិយោទ័យ បានទន្ទ្រានយកខេត្តខាងជើងខ្លះ បានទៀតដូចជា កំពង់សៀម ស្ទឹងត្រង់ ជើងព្រៃ បារាយណ៍ ជាដើម។ បណ្ដាខេត្តដែលកងទ័ពស្រីសុរិយោទ័យវាយទន្ទ្រានយកបាន ត្រូវបានបង្កើតជាតំបន់អបគមន៍មួយ ដែលមានឈ្មោះថា អាណាចក្រខ្មែរខាងកើត ដែលមានរាជធានីនៅស្រីសឈរ។ លុះបានកាន់កាប់ទឹកដីមួយភាគធំរួចហើយ ស្រីសុរិយោទ័យបានប៉ុនប៉ងរៀបទ័ព ចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជា ជាម្ចាស់ទឹកដីថែមទៀត។ រីឯព្រះពញាធម្មរាជា ដែលជាឧបរាជ នៅថែរក្សា រាជធានីចតុមុខ បានថ្វាយព័ត៌មានសព្វគ្រប់ ទៅព្រះស្រីរាជា ព្រមទាំងស្នើសុំឲ្យព្រះអង្គនាំទ័ព ឡើងទៅវាយខ្ទប់ទ័ពក្បត់ស្រីសុរិយោទ័យ ពីខាងជើងមកវិញ។ ដោយទទួលព័ត៌មាននេះ ព្រះបាទស្រីរាជា ក៏បានចាត់តាំងកងទ័ព ឲ្យថែរក្សាទឹកដីខាងលិច សម្រាប់ទប់ទល់នឹងកងទ័ពសៀម ហើយព្រះអង្គក៏លើករេហ៍ពល មកធ្វើសង្គ្រាមជាមួយស្រីសុរិយោទ័យវិញ តាមផែនការចម្បាំងស្នើឡើង ដោយពញាធម្មរាជា។ មកដល់ខេត្តបរិបូរណ៍ ព្រះអង្គទ្រង់បានបញ្ជូនកងទ័ព ឆ្លងទន្លេទៅត្រើយខាងជើង ហើយក៏បានបើក ការវាយបណ្ដេញទ័ពបះបោរ ឲ្យបាក់រត់ចេញ ពីអាណាខេត្តខាងជើង ថយមកនៅត្រើយខាងកើត ទន្លេមេគង្គវិញ។ បន្ទាប់មកព្រះអង្គបានសង់បន្ទាយ បោះទ័ពគង់នៅក្នុងខេត្តកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។ ក្នុងខណៈនោះដែរ ពញាធម្មរាជា ក៏បង្ហាញពុតត្បុតរបស់ខ្លួន ឲ្យឃើញជាក់ស្ដែង ដោយបញ្ជូនរាជវង្សានុវង្ស ព្រះទាំងព្រះរាជទ្រព្យខ្លះទៀត ក្រៅពីលំពែង និងព្រះខ័នរាជ្យទៅថ្វាយព្រះបាទស្រីរាជា ហើយនិងរៀបចំទ័ពមាំមួន ការពារកុំឲ្យទ័ពក្មួយជ្រៀត ចូលមកលើដែនដី ដែលខ្លួនហួងហែងនោះបាន។ ការបែកបាក់គ្នា និងចម្បាំងរាំងជលឥតឈប់ឈរ រវាងរាជវង្សានុវង្សខ្មែរ នាពេលនោះ បានផ្ដល់ផលវិបាកយ៉ាងអាក្រក់ ដល់សង្គមខ្មែរ ដូចជាចោរកម្ម ប្លន់កាប់សម្លាប់ ទុរភិក្ស ជម្ងឺរាតត្បាត។ នៅ ឆ្នាំ១៤៨៥ ព្រះធម្មរាជាដោយមានបំណងចង់សោយរាជ្យតែម្នាក់ឯង បានលបលួចទាក់ទងជាសម្ងាត់ ជាមួយស្ដេចសៀម ដើម្បីស្នើសុំជំនួយកម្លាំងយោធា។ ស្ដេចសៀមសព្វព្រះទ័យយ៉ាងខ្លាំង ហើយព្រមព្រៀង តាមសំណើព្រះបាទធម្មរាជា ដោយបានបញ្ជូនកម្លាំងទ័ពសៀម មកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងន័យចូលមកសម្រុះសម្រួលព្រះរាជាខ្មែរ ទាំងបីអង្គដែលកំពុងទាស់ទែងគ្នា។ ក្នុងពេលកងទ័ពសៀមចូលមកក្រុងចតុមុខ ព្រះធម្មរាជា ក៏បានរៀបចំ ទទួលយ៉ាងអឹកធឹក ហើយយាងព្រះចៅចក្រពត្រាធិរាជ ចូលគង់ក្នុងដំនាក់វាំងភ្នំដូនពេញ។ បន្ទាប់មកសេនាបតីខ្មែរសៀម ក៏ចាប់ផ្ដើមប្រឹក្សាអំពីផែនការចម្បាំង កម្ចាត់ព្រះបាទស្រីរាជា និងព្រះបាទស្រីសុរិយោទ័យ។
កាលបើដឹងពីសម្ព័ន្ធភាពធម្មរាជា និងស្ដេចសៀមចក្រពត្រាធិរាជមក ព្រះបាទស្រីរាជាក៏កោះទីប្រឹក្សាទាំងអស់ មកជំនុំពិភាក្សាគ្នាភ្លាម។ ព្រះបាទស្រីរាជាទ្រង់ឈ្វេងយល់ថា ត្រូវចងមេត្រីភាពវិញជាការគួរ ព្រោះកម្លាំងខ្មែរ បែកបាក់គ្នាអស់ហើយ ឯបណ្ដាប្រជានុរាស្ត្រទៀតសោត ក៏រងគ្រោះ និងនឿយណាយក្នុងសង្គ្រាម។ ពេលនោះអង្គប្រជុំ បានសម្រេចយកផ្លូវចរចា បញ្ចប់ចម្បាំង។ ប៉ុន្មានថ្ងៃក្រោយមក កងទ័ពសៀមខ្មែរ ចេញពីចតុមុខក៏មកដល់កំពង់សៀម ហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជាជុំជិតទាំងអស់។ ពេលនោះឧកញ៉ាក្រឡាហោម ម៉ឹង ក៏ចេញទៅជួប ព្រះចៅចក្រពត្រា និងពញាធម្មរាជា ដើម្បីទូលពីបំណងនៃព្រះបាទស្រីរាជា ដែលចង់សុំចងមេត្រីភាព។ ព្រះរាជាទាំងពីរអង្គត្រេកអរជាខ្លាំង ហើយក៏សុំយាងព្រះបាទស្រីរាជាមកប្រថាប់ក្នុងព្រះពន្លា។ រួចហើយស្ដេចទាំងបីអង្គ បានលើករេហ៍ពលចេញពីកំពង់សៀម មកតាំងនៅឧត្ដុង្គ ដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ។
ក្នុងឱកាស បើកកិច្ចចរចាជាដំបូង ព្រះធម្មរាជាបានស្នើសុំឲ្យព្រះចៅសៀម ធ្វើជាចៅក្រម ផ្សះផ្សាទំនាស់ ក្នុងព្រះរាជវង្សខ្មែរ។ ស្ដេចសៀមព្រះចៅចក្រពត្រាក៏បានយល់ព្រម ហើយសម្រេចយកព្រះបាទស្រីរាជា និងស្រីសុរិយោទ័យ ទៅគង់នៅឯក្រុងអយុធ្យា (ប្រទេសសៀម)។ ចាប់ពីពេលនោះមក ប្រទេសកម្ពុជាបានសុខសន្តិភាពឡើងវិញ។ ព្រះបាទធម្មរាជា ត្រូវបានស្ដេចសៀមរៀបចំអភិសេក ជាព្រះមហាក្សត្រក្រុងកម្ពុជា ក្នុងឆ្នាំ១៤៨៦ នៅរាជធានីចតុមុខ។
ក្រោយពីបានជួយធ្វើអន្តរាគមន៍ ផ្សះផ្សាទំនាស់ក្នុងរាជវង្សខ្មែរមក ស្ដេចសៀមបានទាមទារយកខេត្ត ដែលព្រះបាទស្រីរាជា ទើបរំដោះបាននោះទៅវិញទាំងអស់។ ដោយឈឺចិត្តចាញ់ឧបាយកលធម្មរាជាខ្លាំងពេក ព្រះបាទស្រីរាជាក៏ទ្រង់ប្រឈួន រួចសុគតនៅឯរាជធានីអយុធ្យា ដោយបន្សល់ទុកពញាអុងជាបុត្រផ្ញើនឹងព្រះចៅសៀម។ មួយឆ្នាំកន្លងមកព្រះស្រីសុរិយោទ័យក៏ចូលទិវង្គតបន្តទៀត។
0 comments:
Post a Comment